ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា ការកើនឡើងនូវតំបន់អភិវឌ្ឍន៍ជាពិសេស សំណង់អាគារផ្ទះបុរី និងតំបន់អភិវឌ្ឍជាយក្រុងមួយចំនួនបានធ្វើអោយមានការពិបាកដល់ការធ្វើជំរឿន។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការលោកជំទាវ ហង់ លីណា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ មិនានេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃកិច្ចការជំរឿន មានបញ្ហាប្រឈមមួយចំនួនដែលក្រុមការងារជំរឿនមានការលំបាកក្នុងការធ្វើជំរឿន។
លោកជំទាវបន្តថា បញ្ហាប្រឈមនេះ ដោយសារ នៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ឆាប់រហ័ស ជាពិសេសនៅតាមតំបន់ជាយក្រុង និងសំណង់ផ្ទះបុរី ដោយមានការផ្លាស់ប្ដូរខ្លាំងពីឆ្នាំ២០១៧ នៅពេលដែលក្រសួងចុះគូសផែនទីសម្រាប់ការងារជំរឿន។
លោកជំទាវបានសំណូមពរដល់ប្រជាជនកម្ពុជា ជួយសហការផ្ដល់ព័ត៌មានជូនមន្រ្តីជំរឿន អោយបានទាន់ពេលវេលា និងត្រឹមត្រូវជាក់លាក់ផងដែរ។ ទិន្នន័យពិតប្រាកដត្រឹមត្រូវពីការជំរឿន មានសារប្រយោជន៍ជាច្រើនសម្រាប់ជាតិទាំងមូល ព្រោះទិន្នន័យទទួលបាននឹងត្រូវយកទៅប្រើប្រាស់ដើម្បីរៀបចំផែនការជាតិ រៀបចំគោលនយោបាយនានា ក៏ដូចជាមសម្រាប់ការតាមដាន វាស់វែងការអភិវឌ្ឍន៍របស់ជាតិផងដែរ។
ការធ្វើជំរឿនឆ្នាំ២០១៩នេះ ប្រើប្រាស់ថវិការរបស់រដ្ឋាភិបាលកម្ពុជា ទាំងស្រុង ដោយចំណាយថវិការប្រមាណជិត៩លានដុល្លារ។ ជាការួមចំណែករដ្ឋាភិបាលចិន ក៏បានផ្ដល់ជំនួយ សម្ភារៈបច្ចេកទេសជាច្រើនដល់ការងារជំរឿនផងដែរ ក្នុងនោះ រួមមាន ឡាន ៥២គ្រឿង ម៉ូតូ៣០០គ្រឿង កំព្យូរទ័រ និងឧបករណ៍ជាច្រើនទៀត មានតម្លៃប្រមាណ ២លានដុល្លារអាមេរិក។
ការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩នេះ បានធ្វើឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ២០១៩ ដោយធ្វើឡើងទូទាំងប្រទេស៕
ប្រភព : www.propertyarea.asia