ត្បូងឃ្មុំ៖ បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ សម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% នឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ជាការថ្លែង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
តាមការថ្លែង លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពចូលរួម សរុបប្រមាណ ២ ៣០០នាក់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។
ដោយឡែក ចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។
គួរបញ្ជាបញ្ជាក់ថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)