Register Already an agent ? Login

ក្រសួង បានចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជន ដីតំបន់១ ៧៦ម៉ឺនក្បាលដី និងដីតំបន់២ជាង ១៦ម៉ឺនក្បាលដី

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជន ដីតំបន់១  ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) វាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដី និងដីតំបន់២ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា តំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ វាស់វែងបានជាង ១៦ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដី។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ បានឱ្យដឹងថា ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឱ្យគង់វង្ស។

ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖

-ដីតំបន់៣៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ) បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

-ដីតំបន់២៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ម៉ឺនក្បាលដី ។

-ដីតំបន់១៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។

សម្រាប់ទិសដៅបន្ត ក្រុមការងារនៃក្រសួង ដ.ន.ស នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជីនិងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)