Register Already an agent ? Login

ក្រសួងរៀបចំដែនដី វាស់វែងដីសម្រេចបានជាង ៣,១លានក្បាលដី នៅសល់ជាង ១,៦លដី គ្រោងបញ្ចប់នៅឆ្នាំ២០២៥

ភ្នំពេញ៖ រយៈពេល១ឆ្នាំ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការវាស់វែងដីសម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដីនៅសល់មិនទាន់វាស់វែង ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% នឹង​ត្រូវវាស់វែងបញ្ចប់​នៅឆ្នាំ២០២៥ ខាងមុខ។ បើតាមយោងតាមរបាយការណ៍​របស់អគ្គ​នាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់។

តាមរបាយការណ៍នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារ​បន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការចេញ​បណ្ណ​កម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី ចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋ​តាមនីតិវិធីពិសេសបានចំនួន ៤៤បណ្ណ។ បើតាមរបាយការណ៍ខាងលើ។

របាយការណ៍នេះ បន្តទៀតថា ត្រៀមចេញ​បណ្ណចំនួន ៤ ៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀម​រាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋតំណាងដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដី កំពុងខិតខំជំរុញ​ការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីសហគមន៍​ជនជាតិ​ដើមភាគតិច និងដីគរុភណ្ឌវត្តព្រះពុទ្ធសាសនាឱ្យបានបញ្ចប់ផងដែរ។

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ "ការចុះបញ្ជីដីធ្លី" ស្របតាមទិសស្លោក "ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត" ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)