ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។
បច្ចុប្បន្ននេះការទិញលក់ បានកើតមានជាហូរហែ ហើយតម្លៃដីធ្លីបានកើនឡើងតាំងពីយូរមកហើយ ដែល ចន្លោះពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ មានតម្លៃជាមធ្យម ២០០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ។នេះបើយោងតាមប្រសាសន៍របស់លោក សន សៀប។
លោកបានឲ្យដឹងទៀតថា រីឯដីធ្លីចាប់ពីផ្លូវជាតិលេខ ៣ ទៅដល់កោះអន្លង់ចិន មានតម្លៃចន្លោះពី ១៥០ ទៅ ២០០ ដុល្លារ និងចាប់ពីកោះអន្លង់ចិនទៅដល់ផ្លូវជាតិលេខ ១ មានតម្លៃជាមធ្យមពី ២៥ ទៅ ៤០ ដុល្លារ។
តម្លៃនេះបើប្រៀបនឹងរយៈពេល ២-៣ ខែកន្លងមក គឺមិនកើនឡើងទេ តែបើយើងធៀបនឹងដើមឆ្នាំ ២០១៨ គឺមានកំណើនខ្ពស់ ដោយតំបន់នៅជិតផ្លូវជាតិលេខ ១ រហូតដល់កោះអន្លង់ចិន មានកំណើនចន្លោះពី ៣០ ទៅ ៥០ ភាគរយ ខណៈតំបន់ផ្សេងទៀតមានកំណើនប្រហែល ១០-១៥ ភាគរយ។
គួរជម្រាបផងដែរថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវចំណាយទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិកដែលមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រសម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ។
ប្រភព : Bee