Register Already an agent ? Login

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ជំរុញ​ឱ្យ​ខេត្ត​ពីរ​ជួយ​សម្រួល​វិស័យ​ ​MSME​

ស្ទឹងត្រែង​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ស្នើ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តរតនគិរី​ ​និង​ខេត្ត​ស្ទឹងត្រែង​ ​យកចិត្ត​ទុកដាក់​ជួយ​សម្រួល​ធុរកិច្ច​របស់​សហគ្រាស​ធុន​តូច​ ​និង​តូចបំផុត​ ​(​MSME​)​ ​ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​សំដៅ​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​លើក​សំណើ​នេះ​ឡើង​ ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ ​ដែល​រៀបចំឡើង​នៅក្នុង​សាល​ប្រជុំ​រដ្ឋបាល​របស់​ខេត្ត​ទាំងពីរ​ ​កាលពី​ព្រឹក​ ​និង​រសៀល​ថ្ងៃ​ចន្ទ​ ​ទី១១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ ​និង​ចែករំលែក​ព័ត៌មាន​អំពី​សភាពការណ៍​វិវឌ្ឍ​ន៍​ថ្មី​ៗ​ ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ពន្យល់​អំពី​ច្បាប់​វិនិយោគ​កម្ពុជា​ ​ជាមួយ​តួនាទី​ ​និង​ភារកិច្ច​ស្នូល​របស់​មន្ទីរ​ពាណិជ្ជកម្ម​ ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ ​ក្នុង​ការចូលរួម​ពង្រឹង​វិស័យ​ ​MSME​ ​តាមរយៈ​ការ​ផ្តល់​សេវា​សាធារណៈ​,​ ​ការពិគ្រោះ​យោបល់​,​ ​ការ​ជួយ​សម្របសម្រួល​,​ ​ការស្វែងរក​ទីផ្សារ​,​ ​និង​ការធ្វើអន្តរាគមន៍​នៅពេល​តម្លៃ​មានការ​ធ្លាក់ចុះ​ ​ជាដើម​។​ ​

«​នៅ​ក្រោម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​(​WTO​)​ ​យើង​មិន​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស​ ​ចូល​មក​ក្រសោប​យក​ការងារ​របស់​សហគ្រាស​ធុន​តូច​ ​និង​តូចបំផុត​បាន​ឡើយ​ ​ជាពិសេស​មុខរបរ​ទាក់ទង​សេវាកម្ម​តូចតាច​ ​ព្រោះ​វា​អាច​ប៉ះពាល់​ជីវភាព​ប្រជាជន​ ​ហើយ​នេះ​គឺជា​កិច្ចការ​ដែល​មន្ទីរ​ពាណិជ្ជកម្ម​ ​ត្រូវ​ពិនិត្យ​មុននឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​អ្នក​វិនិយោគ​ទាំងនោះ​»​។​ ​លោក​រដ្ឋមន្ត្រី​ ​បាន​គូសបញ្ជាក់​បន្ថែម​។​

​​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់​ ​អំពី​វិធានការណ៍​ចាំបាច់​មួយចំនួន​ ​ដែល​ក្រសួង​ពាណិជ្ជកម្ម​គ្រោង​អនុវត្តន៍​ ​ដើម្បី​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ ​និង​ផលិតកម្ម​របស់​ ​MSME​ ​ដូចជា​ ​ការបង្កើត​គម្រោង​សាកល្បង​ ​ដោយ​ប្រើប្រាស់​ថវិកាជាតិ​ ​និង​ថវិកា​ជំនួយ​ប្រទេស​ចិន​ ​នៅ​ក្រោម​ក្របខណ្ឌ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ដើម្បី​សាងសង់​សៃ​ឡូ​ ​(​ឡ​សម្ងួត​)​ ​និង​ទិញ​កសិផល​ពី​ប្រជាកសិករ​ ​ទៅតាម​តម្លៃ​ទីផ្សារ​,​ ​ការអនុវត្ត​ន៍​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ ​(​AIMS​)​ ​ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ផលិតផល​ ​និង​តភ្ជាប់​ផលិតកម្ម​ ​ជាមួយ​ទីផ្សារ​ចាស់​ ​និង​ថ្មី​ ​ព្រមទាំង​ការបង្កើត​ក្រុមការងារ​ពិសេស​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ​ ​ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​បន្ថែម​លើ​នេះ​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់​ ​ធ្វើការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ជាប្រចាំ​ ​ដូចជា​រៀន​ភាសាបរទេស​ ​និង​មុខវិជ្ជា​កុំព្យូទ័រ​ ​រួម​ជាមួយ​ជំនាញ​សំ​ខាន់​ៗ​ ​ដើម្បី​ទទួល​បានការ​តែងតាំង​មុខតំណែង​កាន់តែ​ខ្ពស់​ ​ជាមួយនឹង​ឱកាស​ចេញទៅ​បន្ត​ការសិក្សា​ ​ឬ​បំពេញការងារ​ជា​អនុព័ន្ធ​ពាណិជ្ជកម្ម​ ​ជាមួយ​បណ្តា​ស្ថានទូត​នានា​របស់​កម្ពុជា​ ​នៅ​ឯ​បរទេស​៕​

ប្រភព : www.propertyarea.asia