ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រុញឲ្យមន្រ្តីជំនាញរតនាគារជាតិ អនុវត្តន៍ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងៗទៀត នៅរៀងរាល់២សប្តាហ៍ម្តងឲ្យបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់បន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យមន្រ្តីរាជការកាន់តែមានជីវភាពធូរធារ។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថា មន្រ្តីរតនាគារទាំងត្រូវបន្តពង្រីកអភិបាលកិច្ចល្អ និងត្រូវអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមអភិក្រមសីធម៌របស់ក្រសួង តាមរយៈការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រូវអនុវត្តន៍ការងារជាក្រុម អនុវត្តន៍ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងការមិនត្រូវមើលរំលងកំហុសខ្លួនឯង។
លោកបន្តថា “មន្រ្តីជំនាញរតនាគារទាំងអស់ ត្រូវវបន្តរក្សាឲ្យបានប្រកបដោយប្រសិទ្ធភាព សម្រាប់ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល យោធិន កងកម្លាំងនគរបាលជាតិ និងការផ្តល់ប្រាក់របបសន្តិសុខសង្គមជូន ប.ជ.ស និង ប.ជ.អ ជាពិសេសគឺការពង្រឹងការងារឲ្យបានល្អ ដើម្បីអនុវត្តន៍ការបើកប្រាក់បៀវត្សរ៍ ២ដង ក្នុង១ខែ”។
ការបើកប្រាក់បៀវត្សរ៍២ដងក្នុងមួយខែ បានចាប់ផ្តើមអនុវត្តន៍ក្នុងខែមករា និងខែកុម្ភៈ ក្នុងឆ្នាំ២០១៩ នេះ ឲ្យប្រព្រឹត្តិទៅដោយរលូន ដែលជាការយកចិត្តទុកដាក់បន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យមន្រ្តីរាជការកាន់តែមានជីវភាពធូរធារ”។
លោកអូន ព័ន្ធមុនីរ័ត្នបន្តថា ក្រៅពីការអនុវត្តន៍ការងារខាងលើ មន្រ្តីរតនាគារទាំងអស់ត្រូវបង្កើនសមត្ថភាពការងារ និងត្រូវត្រួតពិនិត្យតាមដានការងារអនុវត្តន៍ចំណូល និងចំណាយ ការអនវត្តន៍ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមជាមួយការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យស្របតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នៃមូល ដ្ឋានសាច់ប្រាក់ផងដែរ៕
ប្រភព : www.propertyarea.asia