Register Already an agent ? Login

របៀបគណនាពន្ធអចលនទ្រព្យដោយខ្លួនឯង តាមវិធីងាយៗ

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារូមបន្តរួមមួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយដកនឹង ១០០លានរៀលរួចគុណនឹង ០,១ ភាគរយ។

ឧទាហរណ៍៖ អ្នកមានដីទំហំ ១៥ម x ៣០ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ ១០០ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថាដីក្នុងតំបន់នោះមានតម្លៃ៣០០ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដីមានតម្លៃ២៥០ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០ដុល្លារ/ម៉ែត្រការ៉េ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។

សូមមើលរបៀបគណនា៖

• តម្លៃដីសរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារ

• ផ្ទះជាន់ផ្ទាល់ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០ ដុល្លារ

• ផ្ទះជាន់ទី១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារ

• ផ្ទះជាន់ទី ២ គឺ ១០០ x ១៧០ ដុល្លារ = ១៧,០០០ ដុល្លារ

យើងបានតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារ

ប្រាក់ពន្ធត្រូវបង់គឺ (១៩៧,០០០ ដុល្លារ x ៨០% - ២៥,០០០ ដុល្លារ) x ០,១% = ១៣២,៦ ដុល្លារ

ដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល។ 

ប៉ុន្តែសំណួរសួរថា តើអាចដឹងពីតម្លៃអចលនទ្រព្យដោយរបៀបណា? ការកំណត់តម្លៃអចលនទ្រព្យត្រូវធ្វើដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយផ្នែកទៅលើ តម្លៃជាក់ស្តែងលើទីផ្សារ។ ចំពោះការកំណត់តម្លៃដី និងតម្លៃអគារ ឬផ្ទះ ក្រសួងមានចេញជាតា រាងតម្លៃទៅតាមទីតាំង ឬតំបន់ផ្សេងៗគ្នាដែលបានបិទផ្សាយនៅតាមសាខាពន្ធដារខេត្ត និងខណ្ឌ។

ក្រៅពីនេះក៏មានការចុះត្រួតពិនិត្យ និងវាស់វែងលើអចលនទ្រព្យដោយផ្ទាល់ ពីគណៈកម្មការវាយតម្លៃអលនទ្រព្យ។

ប្រសិនបើអចលនទ្រព្យនោះមានទាំងដី និងអគារសង់ភ្ជាប់ជាមួយគ្នាអចលនទ្រព្យនោះត្រូវបានរាប់បញ្ចូលថា ជាអចលនទ្រព្យតែមួយ ហើយតម្លៃអចលនទ្រព្យសរុបបាន មកពីបូកបញ្ចូលគ្នារវាងតម្លៃ ដីសរុប និងតម្លៃអគារសរុប។ ប៉ុន្តែសម្រាប់អចលនទ្រព្យស្ថិតនៅលើទីតាំងផ្សេងគ្នាត្រូវរាប់បញ្ចូលជា អចលនទ្រព្យផ្សេងគ្នា និងត្រូវធ្វើ លិខិតប្រកាសពន្ធដាច់ពីគ្នា។ 

ប្រភព : Bee