ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា មានប្រមាណជាង២,៥ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងប្រមាណជាង១៣៧គម្រោងនាពេលបច្ចុប្បន្ននេះដែលក្នុងនោះគម្រោងវិនិយោគ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
នៅក្នុងកិច្ចប្រជុំរវាងតំណាងភាគីកម្ពុជានិងជប៉ុននៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនចំនួន ៥២ ក្រុមហ៊ុនគ្រោងនឹងមកវិនិយោគនៅកម្ពុជា លើលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។
ថ្លែងក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានលើកឡើងអំពីវត្តមាន របស់ក្រុមហ៊ុនវិនិយោគិនរបស់ជប៉ុនជាង ៥២ ដែលគ្រោងនិងជួបជាមួយ ក្រុមហ៊ុនជំនាញ និងមានសក្តានុពលលើវិស័យ លំនៅដ្ឋាន សំណង់ និងវិស័យអចលនទ្រព្យ របស់កម្ពុជា។
លោកបានបន្ថែមថា ការហូរចូល នៃវិនិយោគគិន ជប៉ុនមកក្នុងកម្ពុជា គឺអាចមកពីគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដោយការជម្រុញលើកទឹកចិត្តពីខាងរដ្ឋាភិបាល ដែលបានធ្វើឱ្យក្រុមវិនិយោគិននេះសម្លឹងឃើញមកកាន់កម្ពុជា ទៅលើសក្តានុពលនៃការវិនិយោគលើវិស័យអចនទ្រព្យ សំណង់ វិស្វកម្ម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗជាដើម។
វត្តមានរបស់អ្នកវិនិយោគិនជប៉ុនលើវិស័យនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកន្លងមក ធ្លាប់មានក្រុមហ៊ុនមួយចំនួនមកហើយដែលបានមកចូលមកវិនិយោគលើវិស័យពាក់ព័ន្ធទាំងនេះដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពាន ផ្លូវថ្នល់ និងអគារស្នាក់នៅជាដើម ដែលសមត្ថភាពទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងមិនថាពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរ។
ប្រភព : Bee