ខេត្ដព្រៃវែង គឺជាខេត្ដ ដែលអំណោយផលដោយធម្មជាតិមួយដែរ នៅក្នុងប្រទេស កម្ពុជា។ ខេត្ដនេះមានទន្លេរព័ទ្ធជុំវិញដែលបានហូរចាក់ដីល្បាប់អាចឲ្យប្រជាពលរដ្ឋ ប្រកបរបរកសិកម្មនិងធ្វើស្រែចំការ។
ថ្មីៗនេះរដ្ឋាភិបាលប្រទេសអូស្ត្រាលី ប្រកាសតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា កាវ៉ាក់(CAVAC) បានផ្តល់ជំនួយទឹកប្រាក់៧លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន៤ខ្សែ ក្នុងខេត្តព្រៃវែង គឺស្រុកព្រះស្តេចស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាង១៥០០គ្រួសារ។
ប្រជាកសិកររំពឹងថានៅពេលគម្រោងនេះលេចចេញជារូបរាងពួកគេសង្ឃឹមថាមានលទ្ធភាពទទួលបានទឹកធ្វើស្រែពី២ទៅ៣ដងក្នុងមួយឆ្នាំ។ ដូច្នេះហើយតំបន់ដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ដីធ្វើកសិកម្ម នឹងកាន់តែមានភាពប្រសើរឡើងដែលធ្វើឲ្យកសិករនៅខេត្តព្រៃវែងប្រើប្រាស់ដីកសិកម្មកាន់តែច្រើននិងទទួលបានផលកាន់តែល្អប្រសើរ។
តួយ៉ាងក្រៅពីវិស័យកសិកម្ម អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ បានឲ្យដឹងថាខេត្តមួយនេះមានច្រកចេញចូលច្រើនថែមទៀតរហូតចូលទៅដល់ប្រទេសវៀតណាម ដែលនេះជាឱកាសវិនិយោគធំរបស់អ្នកអចលនទ្រព្យ ។មិនតែប៉ុណ្ណោះបើគម្រោងនេះរំលេចខ្លួនឡើង នឹងធ្វើឲ្យដីកសិកម្មរបស់ខេត្តមានសក្តានុពលនឹងមានតម្លៃឡើងថ្លៃ ដូចបណ្តាខេត្តផ្សេងទៀតនៅប្រទេសកម្ពុជា។
គួរឲ្យដឹងថាមកទល់ ឆ្នាំ២០១៨នេះក្រៅពីគម្រោងអភវឌ្ឍន៍ស្ពានឆ្លងទន្លេរមេគង្គ (ស្ពានហ្សឺប៉ាសាឬស្ពានអ្នកលឿង) ទើបមានគម្រោងថ្មីមួយរបស់ក្រុមហ៊ុន វាំងនិន អ៊ិនវិសមិន ឌីវេឡុបម៉ិន ខូ អិល ធីឌី បានសិក្សាពីផលប៉ះពាលបរិស្ថានសង្គមលើដីមុខ សាលាខេត្តប្រមាណ៣០០ហិកតាដើម្បីអភិវឌ្ឍន៍នៅចំណុចនោះទៀតផង ។
ប្រភព : អត្ថបទ Bee