Register Already an agent ? Login

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ នឹងទទួលបានក្នុងរង្វង់ ៦,៣% ការត្រលប់ទៅរកភាពល្អបន្តិចម្តងៗនៃសេដ្ឋកិច្ចសកល

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ នឹងទទួលបានក្នុងរង្វង់ ៦,៣ភាគរយ។ យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃនិងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដោយសារការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព។

ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើងយោងទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% ដោយយោងទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង។

ជាមួយនឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ កន្លងនេះ។

ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះដែរ ក៏ដោយសារការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព។

ទន្ទឹមនេះ យោងទៅតាមលទ្ធផលរីកចម្រើននៃវិស័យឧស្សាហកម្ម អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបានពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា រួមជាមួយនឹងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទៀតផង ។

គួររម្លឹកថា នៅក្នុងអំឡុងឆ្នាំរាតត្បាតដោយជំងឺកូវីដ-១៩ នៅឆ្នាំ២០២០បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់ក្រោមសូន្យ ប៉ុន្តែ ចាប់ពីឆ្នាំ២០២១មកសេដ្ឋកិច្ចកម្ពុជាបានងើបដល់ ៣,១% ឡើងវិញ ខណៈឆ្នាំ២០២២ ឡើងបាន៥,១% និងឆ្នាំ២០២៣ រក្សាបាន៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)