Register Already an agent ? Login

អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាម e-Payment

ភ្នំពេញ៖ អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។

ស្ថិតក្នុងអំឡុងពេលនៃការប្រកាសនិងបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំដែលមានរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកជាប់ពន្ធមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរ និងរង់ចាំបង់ប្រាក់ពន្ធនិងបោះពុម្ពបណ្ណពន្ធប៉ាតង់ នៅតាមបណ្តាសាខា ពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្តាសាខាធនាគារពាណិជ្ជជាដៃគូទៀតឡើយ គ្រាន់តែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាម អនឡាញ (e-Payment) របស់អគ្គនាយកដ្ឋានពន្ធដារ នោះនឹងអាចបង់ប្រាក់ពន្ធប៉ាតង់ ព្រមទាំងបោះពុម្ពបណ្ណពន្ធប៉ាតង់បាន ដោយខ្លួនឯងពីគ្រប់ទីកន្លែង។

ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិត ផលរបរ។

អ្នកជាប់រាន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល, អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០រៀល ឬ ៥ ០០០ ០០០រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរចាប់ពី ១០ ០០០លានរៀលឡើងទៅ។

ពន្ធប៉ាតង់ ក៏ត្រូវបានលើកលែងផងដែរចំពោះ៖

១-ស្ថាប័នរដ្ឋ បេសកកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។

២-សកម្មភាពរបស់អង្គការណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។

៣-គ្រប់សកម្មភាពអាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោមកម្រិតផលរបរអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដូចមានកំណត់ក្នុងមាត្រា៦ នៃច្បាប់ស្តីពីសារពើពន្ធ។

គួរបញ្ជាក់ផងដែរថា ចំពោះអ្នកជាប់ពន្ធដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ (ប្រាំមួយ) ខែដើមឆ្នាំ ត្រូវបង់ប្រាក់ពន្ធប៉ាតង់ពេញមួយឆ្នាំ ដោយឡែក អ្នកជាប់ពន្ធដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ (ប្រាំមួយ) ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ពាក់កណ្តាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)