ខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែ គឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣ មួយខ្សែកាត់ស្រុកតំបែ ខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។
តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំ សាងសង់ស្ពានសំខាន់ៗចំនួន៥ នៅបណ្ដោយកំណាត់ផ្លូវលេខ ៧៣ ពីក្រចេះទៅឆ្លូង។
ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូង ដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង ៥ មានប្រវែងសរុប ៤៦០ម៉ែត្រ។ នេះបើយោងតាមលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNC។
លោកបានបន្ថែមថា គម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ ខែ ក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះមានសក្ដានុពល ជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមាន រមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក ។ ក៏ព្រោះតែខេត្តក្រចេះជាខេត្តមួយដែលមាន ទីតាំងនៅស្របនឹងដងទន្លេមេគង្ក ទឹកទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល១៤០គីឡូមែត្រ ។
ប្រភព : អត្ថបទ Bee