ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងថា ខេត្តព្រះសីហនុ នឹងទទួលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន ខណៈឆ្នាំនេះខេត្តមានរៀបចំស ង្ក្រានសមុទ្រនៅខេត្តនេះ។
លោកតាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងនារសៀលថ្ងៃទី៧ មិនាកន្លងមកថា នៅឆ្នាំ២០១៩នេះ ជាពិសេសសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាខែមេសាខាងមុខនេះ។លោកបន្តថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តជាតិច្រើនមកទស្សនាកម្សាន្តនៅខេត្តជាប់មាត់សមុទ្រនេះ ព្រោះខេត្តព្រះសីហនុ នឹងមានរៀបចំសង្រ្កានសមុទ្រ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ ដែលមានទាំងល្បែងកម្សាន្តប្រជាប្រិយជាច្រើន ដូចជា ល្បែងប្រពៃណីបោះឈូង បោះអង្គុញ ទាញព្រ័ត រាំកម្សាន្ត បណ្តែតគោមទឹក និងបង្ហោះគោមជាដើម និងកីឡាប្រជាប្រិយផ្សេងៗ ហើយក្រុមអ្នករៀបចំកម្មវិធី ក៏មានត្រៀមរៀបចំការសម្តែងសិល្បៈត្រុដិ និងសិល្បៈសហសម័យជាច្រើនទម្រង់ និងជាពិសេសការត្រៀមរៀបចំឲ្យមានកន្លែងបាញ់ទឹកផងដែរ”។
លោកបន្ថែមថា“ការបើកឲ្យមានវេទិកាប្រជុំពិភាក្សា ទាក់ទងនឹងវិស័យទេសចរណ៍ថ្ងៃនេះ វាគឺវេទិការជួបប្រជុំរវាងផ្នែករដ្ឋ វិស័យឯកជន និងដើម្បីរកដំណោះស្រាយ និងលើកកម្ពស់គុណភាពសេវាកម្មរបស់យើង ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរណ៍ដែលកើនឡើងជាប្រចាំឆ្នាំថែមទៀត”។លោកបន្តថា “យើងត្រៀមខ្លួនសម្រាប់ទទួលកម្មវិធីសង្ក្រានសមុទ្រដែលនឹងប្រារព្ធធ្វើនៅលើទឹកដីខេត្តព្រះសីហនុនៅឱកាសទិវាបុណ្យចូលឆ្នាំប្រពៃណីនាខែមេសា ខាងមុខនេះ”។
លោកស្រីហៀក ហ៊ឹមុល្លី អភិបាលរងខត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំធេង និងធម្មជាតិ ឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត និងល្បីល្បាញ ដែលជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនគួរឲ្យមោទនៈ ក៏ដូចជាកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងជាប្រចាំ។
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង២លាននាក់កាលពីឆ្នាំ២០១៨ ទន្ទឹមនឹងមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច ខេត្តព្រះសីហនុក៏មានសក្តានុពលច្រើនសម្រាប់វិស័យទេសចរណ៍យ៉ាងសម្បើមដែរ។
យោងតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្ត គឺខេត្តនេះមានបន្ទប់សម្រាប់ជួលស្នាក់នៅចំនួនជាង១ម៉ឺនបន្ទប់ ហើយកាលពីឆ្នាំ២០១៨ ខេត្តនះទទួលបានភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តសរុបចំនួន២.០៤៧.៧៧៤នាក់ គឺកើនឡើងចំនួន២,៦៣%ធៀបទៅនឹងឆ្នាំមុនបន្ទាប់។
ខេត្តព្រះសីហនុ លាតសន្ធឹងនៅលើឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ ដែលនៅជាប់មាត់សមុទ្រ ប្រកបដោយឆ្នេរស្រស់ស្អាតល្បីទូទាំងពិភពលោក ដោយសារមានឆ្នេរខ្សាច់ល្អពីធម្មជាតិមានពណ៌សក្បុសជាច្រើនកន្លែង មានកោះតូច-ធំចំនួន៣២កោះ មានឧទ្យានជាតិ និងរមណីយដ្ឋានជ្រោះទឹកធ្លាក់ធម្មជាតិជាច្រើនអន្លើ៕
ប្រភព : www.propertyarea.asia