Register Already an agent ? Login

ដំណឹងរីករាយ! ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងនឹងដាក់ឲ្យដឹំណើរជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅស្រុកកំណើត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងនៅក្នុងពិធីចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩កាលពីម្សិលមិញនេះ ថា ការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ សម្រេចបាន៩៧% ក្រោមការជួសជុល និងត្រួតពិនិត្យដោយក្រុមហ៊ុនជប៉ុន ។

លោករដ្ឋមន្ត្រីបន្តថា ការជួសជុលឡើងវិញនូវស្ពាននេះ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាម៉េរិក។

បើតាមលោករដ្ឋមន្ត្រី ស្ពាននេះ បានចាប់ផ្តើមបើកការដ្ឋានជួសជុលឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវីរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ៕

ប្រភព : www.propertyarea.asia