Register Already an agent ? Login

កត្តាអ្វីខ្លះដែលធ្វើឲ្យដីធ្លីនៅកម្ពុជាឡើងថ្លៃ?

វិស័យអចលនទ្រព្យ ជាវិស័យគោលដ៏សំខាន់មួយ ដែលបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា រីកចម្រើន យ៉ាងឆាប់រហ័ស ជាក់ស្តែងវិស័យមួយនេះ កំពុងវាយលុកជាខ្លាំង នៅទូទាំងប្រទេស ក្នុងនោះយើងឃើញមានអគារពាណិជ្ជកម្មខ្ពស់ៗ ផ្សារទំនើប បុរី ផ្ទះល្វែង ដីឡូតិ៍ជាដើម ។ 

នាមួយរយៈចុងក្រោយនេះ ក្រោយពីមានវិនិយោគគិនបរទេស ចូលមកវិនិយោគច្រើន តម្លៃដីធ្លី ផ្ទះសម្បែងនៅកម្ពុជា ហាក់ឡើងថ្លៃ ស្រឺតៗ ស្ទើរតែមិនគួរឲ្យជឿ ដោយអ្នកខ្លះ បានមានជីវភាពធូរធារ ដោយសារវិស័យនេះផងដែរ។

យោងតាមប្រសាសន៍ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យបានឲ្យដឹងថា មានកត្តា៥យ៉ាង ដែលធ្វើឲ្យដីធ្លីឡើងថ្លៃ ក្នុងនោះរួមមាន៖

១. កត្តាសេដ្ឋកិច្ចៈ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមានប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេ មិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគផងដែរ។

២. កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានៈ តាមធម្មតាពេលតំបន់ណាមួយគ្មានសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ ដីធ្លីក៏មិនឡើងថ្លៃនោះទេ។

៣. កត្តានយោបាយៈ គឺសុខសន្តិភាព និងស្ថិរភាពនយោបាយជាផ្នែកមួយ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។

៤. កត្តាប្រជាសាស្រ្តៈ ធម្មតាតម្លៃដីធ្លីមិនកើនឡើងនៅទីវាលរហោស្ថាន ដែលស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះជាកើនឡើង ក៏មិនកើនឡើងខ្លាំងដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងកើនមាននៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។

៥. កត្តាហេដ្ឋារចនាសម្ព័ន្ឋៈ ជាការពិតហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មព្រោះតំបន់ណាមួយមិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ដីធ្លីនិង សកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះទេ។

ប្រភព : អត្ថបទ Bee