ភ្នំពេញ៖ ការនាំចូលរូបិយប័ណ្ណបរទេសមកក្នុងទឹកដីកម្ពុជា ដោយគណៈប្រតិភូនានា ភ្ញៀវគ្រប់ប្រភេទ នីតិបុគ្គល និងរូបវ័ន្តបុគ្គលដទៃទៀត ហៅកាត់ថា “អ្នកតំណាង” ពុំមានការកម្រិតបរិមាណទេ ប៉ុន្តែអ្នកដំណើរដែលនាំចូលនូវរូបិយប័ណ្ណបរទេស មានទឹកប្រាក់ស្មើឬលើសពី ១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ចាំបាច់ត្រូវបំពេញប្រតិវេទន៍គយ តាមនីតិវិធីកំណត់ជាធរមាន ហើយត្រូវប្រគល់ឲ្យមន្រ្តីគយ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលនាំចេញទៅវិញ។
យោងតាមឯកសារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា អ្នកដំណើរដែលនាំចេញ នូវរូបិយប័ណ្ណបរទេសពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាមានទឹកប្រាក់លើសពី១០.០០០“មួយម៉ឺន”ដុល្លារអាមេរិក ឬលើសពីចំនួនរូបិយប័ណ្ណបរទេសដែលសាម៉ីខ្លួនបានប្រកាសក្នុង ប្រតិវេទន៍គយនាពេលនាំចូល ត្រូវមានការអនុញ្ញាតឲ្យនាំចេញពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា។
នីតិវិធីនាំចេញរូបិយប័ណ្ណ
អ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេស ត្រូវអនុវត្តដូចតទៅ៖
• បង្ហាញចំពោះមន្រ្តីគយ នូវលិខិតអនុញ្ញាតឲ្យនាំចេញដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។
• បំពេញប្រតិវេទន៍គយឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់
• ធ្វើដំណើរតាមមាត់ច្រកចូល-ចេញ ដែលបានកំណត់ដោយភ្នាក់ងារមានសមត្ថកិច្ច។ ការយករូបិយប័ណ្ណធ្វើដំណើរតាមច្រកផ្លូវផ្សេង ឬ ដោយអ្នកកាន់បញ្ញើដ៏ទៃ ក្រៅពីម្ចាស់កម្មសិទ្ធិ ត្រូវហាមឃាត់ជាដាច់ខាត។
បំពេញជាលាយល័ក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទនិងចំនួនរូបិយប័ណ្ណ ដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដ៏ទៃ បញ្ញើតាមយន្តហោះ ដើម្បីបង្ហាញដល់មន្រ្តីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ៕
ប្រភព : www.propertyarea.asia