ភ្នំពេញ ៖ អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា បានរកឃើញថា កម្ពុជានៅតែត្រូវការការនាំចូលបន្លែ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស ដោយសារតម្រូវការមានការកើនឡើង ខណៈការផលិតក្នុងស្រុកនៅមានកម្រិត។
លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលដឹកនាំស្រាវជ្រាវលើបញ្ហានេះបានបង្ហោះនៅលើគេហទំព័ររាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះ ថា ថ្វីបើប្រទេសកម្ពុជា ជាប្រទេសកសិកម្មខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនាពេលបច្ចុប្បន្ន ប្រទេសនេះ ផលិតបន្លែមិនទាន់គ្រប់គ្រាន់តាមតម្រូវការក្នុងស្រុករបស់ខ្លួននៅឡើយ ដែលជាហេតុឱ្យមានការនាំចូលបន្លែពីប្រទេសជិតខាងច្រើន លើសពាក់កណ្តាលនៃតម្រូវការរបស់ខ្លួន។ លោកបន្តថា “ប្រសិនបើស្ថានភាពនៃការផលិតបន្លែក្នុងស្រុកនឹងស្ថិតក្នុងសភាពដូចនេះជាបន្តទៀតនោះប្រទេសកម្ពុជានឹងបន្តនាំចូលបន្លែ កាន់តែច្រើនថែមទៀតពីមួយឆ្នាំ ទៅមួយឆ្នាំ ពីប្រទេសថៃ និង វៀតណាម” ។
លោកបានកត់សម្គាល់ថា ភាពមិនគ្រប់គ្រាន់នៃការផ្គត់ផ្គង់បន្លែក្នុងស្រុក ហើយបង្ខំឱ្យនាំចូលពីក្រៅប្រទេស វាមិនត្រឹមតែជាលំហូរចេញនៃរូបិយវត្ថុជាតិប៉ុណ្ណោះទេ តែវាថែមទាំងមានឥទ្ធិពលអវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសង្គមផងដែរ ជាពិសេស បន្លែនាំចូលពីប្រទេសវៀតណាមដែលត្រូវបានជាប់ឈ្មោះក្នុងបញ្ជីរបស់សហភាពអឺរ៉ុប ថាជាផលិតផលប្រើប្រាស់ថ្នាំគីមីធ្វើឱ្យខូចសុខភាពអ្នកប្រើប្រាស់។
ប្រធានបទនៃការស្រាវជ្រាវនេះ បានវិភាគបញ្ហាទីផ្សារបន្លែនាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជា និងបង្ហាញនូវវិធានការលើកកម្ពស់ការផ្គត់ផ្គង់បន្លែដែលផលិតដោយកសិករក្នុងស្រុក ដើម្បីបញ្ចៀសបច្ច័យអវិជ្ជមានទៅលើសេដ្ឋកិច្ច និងសង្គមកម្ពុជា៕
ប្រភព : www.propertyarea.asia