ផ្លូវជាតិលេខ១ហាក់កំពុងទាក់ទាញ អ្នកវិនិយោគគិនជាច្រើនឲ្យទៅវិនិយោគនៅតំបន់នោះ បន្ទាប់ពីផ្លូវជាតិលេខ១បានបញ្ចប់ការស្ថាបនា ហើយក៏ជាតំបន់ស្ថិតនៅក្នុងបណ្តាញផ្លូវនៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន។ ។
អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុនCentury21បានឲ្យដឹងថា បច្ចុប្បន្នការទិញលក់នៅតំបន់នោះ ហាក់សកម្មយ៉ាងខ្លាំង មិនតែប៉ុណ្ណោះនៅ មានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនកំពុងរៀបចំអភិវឌ្ឍន៍ និងមានក្រុមហ៊ុនធំៗជាច្រើនទៀតនឹងចូលទៅតំបន់នេះនាពេលអនាគត ។
តំបន់ផ្លូវជាតិលេខ១ កំពុងទាក់ទាញភ្នែកអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគលើវិស័យអចលនទ្រព្យសំខាន់ៗ មានផ្សារទំនើប លំនៅឋាន កន្លែងកម្សាន្តបែបធម្មជាតិ និងជាស្នាក់នៅដ៏មានសក្តានុពលផងដែរ ដោយសារតែកត្តាធម្មជាតិ មានព្រៃឈើ ជាប់បណ្តោយទន្លេ និងអាកាសធាតុល្អប្រសើរ។
មានកត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឱ្យតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល នឹងមានការផ្លាស់ប្ដូរនិងរីកចម្រើនយ៉ាងខ្លាំង ។
ជាក់ស្តែង នៅពេលថ្មីៗនេះ ក្រុមហ៊ុនចិន បានមកបណ្តាក់ទុនវិនិយោគតំបន់រមណីដ្ឋានបែបធម្មជាតិ នៅជាយរាជធានីភ្នំពេញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ មកលេងកម្សាន្តនៅតំបន់ជាយក្រុងភ្នំពេញ ដែលនេះជាគម្រោងយក្យមួយ របស់ចិន ដែលគ្រោងនឹងដំណើរការនៅ ចុងឆ្នាំ២០២១ផងដែរ។
មជ្ឍមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ ឡើងនៅ លើផ្ទៃដីជាង១៣ហិកតា ដែលនឹងបើកជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។
តួយ៉ាង បុរី ប៉េង ហួត បានសម្រេចបើកគម្រោងថ្មី ៤គម្រោងព្រមគ្នាសុទ្ធតែស្ថិតនៅលើតំបន់សក្តានុពលខ្លាំងដោយឡែកពីគ្នា ព្រមទាំងមានផ្សារទំនើបខ្នាតអន្តរជាតិរបស់ខ្លួនថែមទៀតផង។
គួរជម្រាបផងដែរថា ផ្លូវជាតិលេខ១ គឺជាសរសៃឈាមដ៏សំខាន់មួយសម្រាប់តភ្ជាប់ខេត្តភាគអាគ្នេយ៍នៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល មកកាន់រាជធានីភ្នំពេញ៕
ប្រភព : អត្ថបទ Bee