កម្ពុជាជាប្រទេស ដែលបានបានឆ្លងផុតពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណួលមធ្យមកម្រិតទាប ពោលគឺ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧ ភាគរយមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។
បច្ចុប្បន្ននេះកម្ពុជាកំពុងតែមានភាពរីកចម្រើនខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានការវិនិយោគពីសំណាក់វិនិយោគិនបរទេសច្រើននៅក្នុងចំណោមប្រទេសបីក្នុងតំបន់អាស៊ានដែលមានវិនិយោគិនបរទេសវិនិយោគច្រើន។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានវិនិយោគិនបរទេសច្រើន?
តាមរយៈលោកច្រឹក សុខនីម ជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានឲ្យដឹងថាកម្ពុជាជាប្រទេសដែលមានវិនិយោគិនបរទេសច្រើនគឺដោយសារកត្តាបីយ៉ាង៖
1. កត្តាភូមិសាស្រ្ត៖ គឺស្ថិតនៅចំកណ្ដាលបណ្ដាប្រទេសអាស៊ានដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់ការទំនាក់ទំនង
2. តម្លៃទីផ្សារអចលនទ្រព្យមានតម្លៃទាបបើធៀបទៅនិងប្រទេសជិតខាងហើយនិងមានឩកាសកើនឡើងថ្លៃខ្ពស់នៅឆ្នាំបន្តបន្ទាប់
3. ការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេសគួបផ្សំនិងកត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ជាង៧%ជារៀងរាល់ឆ្នាំ
ស្រដៀងគ្នានេះដែរ លោកឧកញ៉ា សៀ ឬទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន WordBridge Groupក៏បានមានប្រសាសន៍ផងដែរថា គោលនយោបាយរបស់រដ្ឋាភិបាលគឺបើកទីផ្សារសេរីសម្រាប់វិនិយោគិនបរទេសនិងមួយវិញទៀតនោះគឺប្រើប្រាស់ប្រាក់ជាប្រាក់ដុល្លាដែលអាចបង្កភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា។
ម្យ៉ាងវិញទៀត កម្ពុជាក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធទំាងផ្នែករឹង និងទន់ ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលកំពុងតែមានការរីកលូតលាស់ផងដែរ។
ប្រភព : អត្ថបទ Bee