កណ្តាល កៀនស្វាយ ជាស្រុកមួយចំណុះនៅក្នុងខេត្តកណ្ដាល និងកំពុងមានសក្តានុពលលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងចាប់អារម្មណ៍វិនិយោគនៅតំបន់នេះ ដោយពួកគេបាននិងកំពុងសាងសង់នូវមជ្ឈមណ្ឌលកម្សាន្តយ៉ាងអស្ចារ្យ រួមជាមួយនឹងរូបរាងថ្មីនៃបណ្តាបុរី សំណង់លំនៅដ្ឋាននានាយ៉ាងប្រណីតជាច្រើនក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ជាពិសេសតំបន់ដែលស្ថិតនៅជិតផ្លូវជាតិលេខ១ និងតំបន់ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ដែល កំពុងមានការអភិវឌ្ឍខ្លាំង។
អគ្គនាយកក្រុមហ៊ុន KFA ( Khmer Foundation Appraisal) លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ មីនាកន្លងមកថា ពេលនេះស្រុកកៀនស្វាយកំពុងតែបង្ហាញពីសក្ដានុពលខ្លាំង មិនចាញ់តំបន់ជុំវិញរាជធានីភ្នំពេញឯទៀតនោះឡើយ ដែលវាជាឳកាសដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគស្វែងរកចំណេញ ក៏ដូចជាសម្រាប់អ្នកដែលចង់មានសង់លំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ។ លោកឧកញ៉ាបន្តថា ដោយសារតែផ្ទៃដីនៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង ដែលក្នុងនោះកៀនស្វាយក៏ស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ។
ដោយឡែក ហេតុផលដែលបណ្តាលឱ្យដីនៅតំបន់កៀនស្វាយ មានភាពលេចធ្លោក៏ព្រោះតែទីនេះនៅមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេសតំបន់នេះ ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលក្រៅពីមានកំពង់ផែភ្នំពេញ មានតំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្តលំដាប់អភិជន The Prince មណ្ឌលកម្សាន្តរបស់ក្រុមហ៊ុនវឌ្ឍនៈ រោងចក្រកាត់ដេរនោះ គឺថែមទាំងមានផ្លូវក្រវ៉ាត់ក្រុងទី3 ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាទៀតផង។
ជាមួយនឹងការបង្ហាញពីសក្ដានុពលនៃតំបន់កៀនស្វាយ លោកឧកញ៉ា នួន រិទ្ធី ក៏បានបង្ហាញពីគម្រោង អភិវឌ្ឍលំនៅដ្ឋានបែបប្រណីតភាព និងតម្លៃសមរម្យ ដែលជាការវិនិយោគ និងអភិវឌ្ឍដោយផ្ទាល់របស់ក្រុមហ៊ុន KFA។ លោកបន្តថា គម្រោងផ្ទះដែលកំពុងធ្វើនេះ គឺជាប្រភេទវីឡាកូនកាត់ ដែលមានកម្ពស់២ជាន់រួចជាស្រេច ដែលយើងដាក់លក់ត្រឹមជាង៤ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយអតិថិជនសុទ្ធតែអាចមានលទ្ធភាព ក្នុងការទិញបានយ៉ាងងាយស្រួល ដោយសារយើងមានធនាគារជាដៃគូ ដោយអតិថិជនមានលុយត្រឹម១០% ក៏អាចក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណីតនេះបានដែរ។
លោកឧកញ៉ាបន្តទៀតថា លំនៅដ្ឋាននេះ មានលក្ខណៈល្អប្រសើរដោយសារតែវាជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ហើយដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើង គោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវធំដែលមានទំហំ១១ម៉ែត្រ និងផ្លូវខាងក្នុងមានទំហំ៨ម៉ែត្រ ជាពិសេសមានការបង្កើតជាតំបន់បៃតង រួមជាមួយផ្សារបែបទំនើប ដែលមិនធ្លាប់នោះឡើយនៅក្នុងតំបន់កៀនស្វាយនេះ ។
បើតាមគម្រោងលំនៅដ្ឋាននេះ នឹងបើកលក់នៅត្រឹមសប្ដាហ៍ទី៣នៃខែមីនា នេះ ហើយនឹងប្រារព្វពិធីបុកគ្រឹះនៅត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បញ្ចប់ការសាសង់ត្រឹមរយៈ២៤ខែ។ សម្រាប់អតិថិជនដែលមកទិញនៅថ្ងៃបើកលក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ដែលយ៉ាងហោចណាស់ទាបបំផុតក៏ទទួលបានប្រមាណ៥% នៃតម្លៃដើមផងដែរ៕
ប្រភព : www.propertyarea.asia