Register Already an agent ? Login

ចំណុច​ពិសេស​៖​ ​ស្ពាន​អាកាស​ចំនួន៧​ ​នឹង​សាងសង់​លើ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​ ​ព្រះសីហនុ​

​ភ្នំពេញ​៖​ ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ ​ស្ពាន​អាកាស​ចំនួន៧នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​ ​បន្ថែម​ពីលើ​ស្ពាន​តូច​ធំ​មួយចំនួន​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ខាងលើ​នេះ​ ​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៤​ ​មិនា​នេះ​ថា​ ​ការសាងសង់​ផ្លូវ​ប្រវែង​ ​១៩០គីឡូម៉ែត្រ​នេះ​នឹង​ចំណាយ​រយៈពេល៤៨ខែ​ ​ដែល​ជា​ប្រភេទ​ផ្លូវ​បង់លុយ​លើកដំបូង​នៃ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​។​លោក​បន្ត​ថា​ ​តាម​គំរោង​ផ្លូវ​នេះ​នឹង​មាន​ស្ពាន​តូច​ចំនួន៥​ ​និង​ស្ពាន​ប្រវែង​មធ្យម​ទៅ​ធំ​ចំនួន ៨០​កន្លែង​ ​ពិសេស​មាន​ស្ពាន​អាកាស​ចំនួន៧​ ​(​សា​គួរ​ចំនួន១​)​ដែល​នឹង​ធ្វើ​ពីលើ​ផ្លូវ​នេះ​។​

​លោក​បន្ត​ថា​ ​“​ផ្លូវ​ល្បឿន​លឿន​នេះ​ ​នឹង​មានការ​សាងសង់​របង​បិទ​ជិត​ ​ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រម៉ក​ ​ម៉ូតូ​ ​ឬ​សត្វ​ពាហណៈ​ឆ្លងកាត់​បាន​នោះ​ទេ​”​។​លោក​បន្ត​ថា​ ​“​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​អញ្ជើញ​ជា​អធិ​ត​បី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​នៅ​ថ្ងៃទី២២​ ​មិនា​ខាងមុខនេះ​”​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ចេញពី​តំបន់​កប់​ស្រូវ​ ​និង​រត់​ស្របតាម​ផ្លូវជាតិ​លេខ៤ផ្នែក​ខាងស្តាំ​ដៃ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​នឹង​ត្រូវ​ឆ្លងកាត់​តំបន់​នេះ​តាមរយៈ​ស្ពាន​អាកាស​ ​ងាក​ទៅ​ខាងឆ្វេង​ដៃ​វិញ​រហូតដល់​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​ទើប​ងាក​មកកាន់​ស្តាំ​ដៃ​វិញ​ ​រហូតដល់​មាត់សមុទ្រ​។​

​Express​ ​way​ ​នេះ​ ​នឹង​សាងសង់​ដោយក្រុម​ហ៊ុន​ ​China​ ​Road​ ​and​ ​Bridge​ ​Corporation​(​CRBC​)​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ចំនួន១៩០០លាន​ដុល្លារ​អាមេរិក​៕​

ប្រភព : www.propertyarea.asia