Register Already an agent ? Login

ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​ព្រះសីហនុ​ ​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លឿន​

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋ​ភិបាល​កម្ពុជា​ ​បាន​អះអាង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ការដែល​គ្រោង​ដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ នៅពេល​សាងសង់​រួចរាល់​ ​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លឿន​។​

លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថា​ ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​ ​នឹង​រួមចំណែក​កាន់តែ​ខ្លាំង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​​លោក​បន្ត​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ​ ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ពីរ​គឺ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះសីហនុ​។​ ​

​ជាពិសេស​ការ​ដឹកទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ ​ក៏ដូចជា​ការ​ដឹកទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ទៅ​តំបន់​ទៅ​តំបន់​ដទៃទៀត​។​

​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថា​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិ​តី​ ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី២២​ ​មិនា​ខាងមុខនេះ​ហើយ​។​

​​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងតែ​ដុតដៃដុតជើង​ ​ដើម្បី​រៀបចំ​ការងារ​នេះ​ ​ប៉ុន្តែការ​បើក​ការដ្ឋាន​នៅ​ទីតាំង​ណា​ ​លោក​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ ​អាស្រ័យ​លើ​ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច​ ​ទើប​អាច​ជ្រាប​ពី​រឿង​នេះ​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ ​ដែល​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​។​ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​ប្រើ​ពេល​សាងសង់​ ​៤ឆ្នាំ​។​ ​

​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មានការ​ធ្វើ​របង​ជុំវិញ​ ​លើកលែងតែ​ចំណុច​ឆ្លងកាត់​មួយចំនួន​ដែល​មាន​ស្ពាន​អាកាស​ ​និង​ស្ថានីយ៍​ឈប់​សំចត​ ​ព្រោះ​វា​ជា​ផ្លូវ​លឿន​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ពី១២០ទៅ១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហេតុនេះ​ទើប​ផ្លូវ​នេះ​ ​មិន​តម្រូវឲ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះ​ទេ​៕​

ប្រភព : www.propertyarea.asia