ភ្នំពេញ៖ ខណៈការធ្វើចំណាកស្រុកពីជនបទ មកកាន់រាជធានីភ្នំពេញកាន់តែផុសផុល ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។
ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា កំនើនប្រជាសាស្រ្តនេះបានកើតឡើងជាធម្មតា សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រជាជនចំណាកស្រុក និងការស្វែងរកឳកាសរីកចម្រើននៃប្រជាពលរដ្ឋវ័យក្មេង។
ការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូដោយសារកត្តាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កំណើនតម្លៃដីធ្លីនិងលំនៅដ្ឋាន និងប្រព័ន្ឋបច្ចេកវិទ្យារីកចម្រើន ដែលផ្តល់គុណភាពជីវិតកាន់តែប្រសើរឡើង។
ជាមួយគ្នានេះការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើងដល់ចំនួន៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ហើយតម្រូវការលំនៅដ្ឋាននឹងកើនដល់ប្រមាណ១លានខ្នងផងដែរ នៅឆ្នាំដដែលនេះ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ មានជាង២០០០នាក់ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍មានភាពរញ៉េរញ៉ៃខ្លាំង ដែលបញ្ហានេះ គួរតែមានការអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការធ្វើចរាចរណ៍ រឹតបន្តឹងការអនុវត្តច្បាប់ និងគួរតែមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវនានា។
អ្នកនាងបន្តថា “ទីក្រុងបាងកកប្រទេសថៃ ទីក្រុងហូ ជីម៉ិញ ទីក្រុងហ្សាការតាមានមនុស្សរស់នៅចន្លោះ៤០០០ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែសណ្តាប់ធ្នាប់និងការធ្វើចរាចរណ៍ក្នុងទីក្រុងមិនមានភាពរញ៉េរញ៉ៃនោះឡើយ”៕
ប្រភព : www.propertyarea.asia