Register Already an agent ? Login

រដ្ឋមន្ត្រី​គ្រប់ថ្នាក់​តំបន់​​កំពុង​​បើក​កិច្ច​ប្រជុំ​​នៅ​​ខេត្តសៀមរាប​​ដើម្បី​​ជំរុញ​​ការ​​ធ្វើ​​ពាណិជ្ជកម្ម​

​សៀមរាប​៖​ ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧​ ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់​ ​(​7th​ ​RCEP​ ​ISSL​ ​MM​)​ ​ដែល​ប្រព្រឹត្តទៅ​ ​នៅ​ថ្ងៃទី​ ​២​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​នៅ​សណ្ឋាគារ​សុខា​អង្គរ​ ​ក្នុង​ខេត្តសៀមរាប​ ​។​

កិ​ច្ច​ប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចរចា​កិច្ច​ព្រមព្រៀង​ ​RCEP​ ​ទាំង១៦​ ​និង​លេខាធិការ​ដ្ឋាន​អាស៊ាន​ផង​ដែរ​។​

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា​ ​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ​RCEP​ ​លើក​ទី៧នេះ​ ​បន្ត​ចរចា​ ​និង​ដោះស្រាយ​បញ្ហា​សេសសល់​នានា​ ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​លើក​ទី២៥​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១៩​ ​ដល់ទី​ ​២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​កោះ​បាលី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

​កិច្ចប្រជុំ​នេះ​ ​ក៏​នឹង​ពិភាក្សា​អំពី​ផែនការ​ចរចា​ ​RCEP​ ​ឆ្នាំ២០១៩​,​ ​ផ្តល់​ការណែនាំ​លើ​ការចរចា​បើក​ច្រក​ទីផ្សារ​ ​(​ពាណិជ្ជកម្ម​ទំនិញ​,​ ​ពាណិជ្ជកម្ម​សេវា​,​ ​ការ​វិនិយោគ​)​ ​និង​ជំរុញ​បន្ថែម​ឱ្យ​អ្នកចរចា​ទាំងអស់​ ​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការចរចា​លើ​ជំពូក​ដែល​​នៅ​សេសសល់​ ​សំដៅ​ឈាន​ទៅ​បញ្ចប់​ការចរចា​កិ​ច្ច​ព្រៀម​ព្រៀង​ ​RCEP​ ​ទាំងស្រុង​នៅក្នុង​ឆ្នាំ២០១៩​ ​តាម​អាណត្តិ​ដែល​ផ្តល់​ឱ្យ​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចរចា​ ​RCEP​ ​ទាំង១៦​ ​នៅ​កំលុង​កិច្ចប្រជុំ​កំពូល​ ​RCEP​ ​លើក​ទី២​ ​កាលពី​ថ្ងៃទី ១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នៅ​ប្រទេស​សិង្ហបុរី​។​

​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ ​(​RCEP​)​ ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​ ​(​Regional​ ​FTA​)​ ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ ​នៃ​ការចរចា​ ​ដែល​មាន​ប្រទេស​ចូលរួម​ចរចា​ចំនួន១៦​ ​រួមមាន​៖​ ​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ទាំង១០​ ​និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន៦​ ​(​អូស្ត្រាលី​ ​ចិន​ ​ឥណ្ឌា​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ណូវែល​ហ្សេ​ឡង់​)​។​

RCEP​ ​ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ ​ដែល​ផ្អែកលើ​កុងសង់ស៊ីស​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ​ដែល​បាន​ប្រកាស​ឱ្យ​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ២០១២​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​RCEP​ ​មាន​ទំហំ​ ​GDP​ ​ជិត​ ​៣០​%​ ​នៃ​ ​GDP​ ​ពិភពលោក​ ​(​គិត​ត្រឹម​ឆ្នាំ២០១៤​)​ ​មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​,​ ​មាន​ ​៣១,៦​%​ ​នៃ​ផលិតកម្ម​ពិភពលោក​,​ ​២៨,៥​%​ ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​មួយ​ភាគ​ប្រាំ​ ​(​១​/​៥​)​ ​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ពិភពលោក​ ​(​គិត​ត្រឹម​ឆ្នាំ២០១៦​)​៕​

ប្រភព : www.propertyarea.asia