មិនមែនផ្ទះកន្លែងណាក៏ល្អ កន្លែងណាក៏អាចរស់នៅបាន ឲ្យតែមានលុយទិញនោះទេ ប៉ុន្តែ ក្នុងការជ្រើសរើសផ្ទះសម្រាប់រស់នៅ ឬសម្រាប់វិនិយោគវាពិតជាសំខាន់ខ្លាំងណាស់នៅការប្រកាន់ជំនឿបែបហុងស៊ុយ ព្រោះវានឹងនាំលាភសំណាងមកដល់អ្នក។
អ្នកជំនាញផ្នែកអចលនទ្រព្យ លោក គីម ហ៊ាង បានធ្លាប់មានប្រសាសន៍ថា បើនិយាយក្បួនហុងស៊ុយវិញ ផ្ទះដែលគួរទិញ គឺមានទីតាំងបែរមុខទៅទិសខាងកើត ជើង និងខាងត្បូង តែបើផ្ទះបែរមុខទៅលិចវិញ បើចៀសវាងបាន កុំទិញល្អជាង ។
លោកបន្ថែមទៀតថា ផ្ទះបែរមុខទៅខាងកើត ពេលពន្លឺព្រះអាទិត្យរះមកចំ មានន័យថា មានហុងស៊ុយ ។ តែបើផ្ទះបែរមុខទៅលិច ពេលព្រះអាទិត្យចាំងចូល ដូចជាកើតរឿងក្តៅក្រហាយ អីចឹងហើយផ្ទះដែលបែរមុខទៅលិច គេអត់សូវយកទេ ។ លើសពីនេះទៀត ផ្ទះដែលមានផ្លូវបុកចំ សម្រាប់ជនជាតិចិន ក៏គេអត់ទិញដែរ ។ ហើចំពោះផ្ទះដែលល្អបំផុត គឺផ្ទះដែលនៅផ្លូវកែង កែងខាងកើតឆៀងខាងជើង គឺមានគេចាប់អារម្មណ៍ច្រើន ។
បើយោងតាម គ្រូចិនសែវិញ ក្នុងការជ្រើសរើសទិញផ្ទះ គួរជ្រើសរើសទិញផ្ទះណាដែលមានទ្រង់ទ្រាយសមស្រប អាចជារាង៤ជ្រុងស្មើ ឬ ៤ជ្រុងទ្រវែង។ ហើយអ្វីដែលអ្នកគួរតែត្រួតពិនិត្យឲ្យបានម៉ត់ចត់មែនទែនគឺបរិវេណផ្ទះ ថាតើមានកន្លែងណាមានលូទឹក កន្លែងកប់ខ្មោច ប៉ាឆា ឬអ្វីផ្សេងៗទៀត ឬអត់? ព្រោះវត្ថុទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។
ទ្វាធំខាងមុខ មិនត្រូវឱ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ អាចធ្វើឱ្យមានប្រាក់ហូរចេញពីក្រុម គ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។ អ្វីដែលត្រូវពិនិត្យបន្ថែមគឺ ផ្ទះបាយស្ថិតនៅ ទិសពាយ័ព្យ (ខាងលិច ឆៀងខាងជើង) នៃផ្ទះ វាជាសញ្ញាណមិនល្អទេ ព្រោះអាចនឹងផ្តល់ផលអាក្រក់ដល់អ្នកជាឪពុក។
តួយ៉ាងដើម្បី ស្ងប់ខាងផ្លូវចិត្ត និងដើម្បីហុងស៊ុយ មុននឹងទិញឬសង់ផ្ទះ គេត្រូវឲ្យគ្រូចិនសែគន់គូរ អំពី ថ្ងៃ ខែ ឆ្នាំកំណើតរបស់ពួកគេជាមុនសិនថា តើអ្នកទិញ ឬសង់ផ្ទះ (ប្តីប្រពន្ធ) ត្រូវធាតុអ្វី ខាងលិច, ខាងកើត, ខាងត្បូង ឬខាងជើង ហើយការមើលហុងស៊ុយនេះ ក៏មានការរៀបចំខុសៗគ្នាសម្រាប់កូនខែ្មរ និងកាត់ខ្សែចិន។
ប្រភព : អត្ថបទ Bee