ការសន្សំលុយទិញ ឬទិញដោយការបង់រំលស់ មិនមែនសុទ្ធតែអាក្រក់ប្រសិនបើយើងដឹងពីប្រភពចំណូលយើងច្បាស់លាស់ នឹងដឹងថា យើងគួរតែ ប្រើបំណុលទាំងនោះ នៅត្រឹម រយៈពេលខ្លីបំផុត។
ក្នុងនោះដែល សេដ្ឋីអចលនទ្រព្យអាមេរិក លោក Grant Cardone ដែលជាម្ចាស់ក្រុមហ៊ុនចំនួន ៤ និងរកចំណូលបានជិត ១០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ បែរជានិយាយថា ការសន្សំលុយទិញផ្ទះឬបង់រំលស់ ផ្ទះជាការវិនិយោគដ៏អាក្រក់បំផុត ព្រមទាំងមានហានិភ័យខ្ពស់ ជាងគេក្នុងចំណោមការវិនិយោគផ្សេង។
សេដ្ឋីរូបនេះបានពន្យល់យ៉ាងដូចនេះថា ជាធម្មតា ប្រសិនបើអ្នកមានប្រាក់ក្នុងចំនួនច្រើន ការទិញផ្ទះសម្រាប់ស្នាក់នៅ និងសម្រាប់ការវិនិយោគ ជារឿងដែលល្អ និងគប្បីធ្វើណាស់ ស្របពេលដែលអ្នកពិតជាមានចំណេះដឹង និងជំនាញផ្នែកអចលនទ្រព្យពិតមែន។
ផ្ទុយទៅវិញ ប្រសិនបើអ្នកជាអ្នកដែលធ្វើការងារសន្សំលុយដើម្បីទិញផ្ទះស្នាក់នៅ ឫ ធ្វើការគ្មានពេលទំនេរដើម្បីបង់រំលស់ផ្ទះ វាមិនមែនជាជម្រើស ដែលអ្នកគួរជ្រើសរើសសម្រាប់ការវិនិយោគ បង្កើនប្រាក់ចំណូលនោះទេ។
ឧទាហរណ៍ថា ផ្ទះដែលអ្នកចង់ទិញ មានតម្លៃប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ដែលធៀបនឹងប្រាក់ខែរបស់អ្នក តម្រូវឲ្យអ្នកចាយពេលសន្សំ ឫ បោះរំលស់ រយៈពេល ១០ឆ្នាំ នេះវាជារឿងដ៏គ្រោះថ្នាក់បំផុត ព្រោះក្នុងរយៈពេល ១០ឆ្នាំ រឿងអ្វីក៏អាចកើតមានឡើងបានដែរ តួយ៉ាង អ្នកអាចបាត់បង់ការងារធ្វើ ក្នុងពេលណាមួយ អ្នកអាចមានតម្រូវការប្រើប្រាស់ប្រាក់បន្ទាន់ ឫ ជួបគ្រោះថ្នាក់ផ្សេងៗជាដើម ជាហេតុធ្វើឲ្យការទិញផ្ទះរបស់អ្នក ក្លាយជាសុបិនដ៏ អាក្រក់តែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ការតាំងចិត្តសន្សំលុយដើម្បីទិញផ្ទះ ឬបង់រំលស់ផ្ទះ វាធ្វើឲ្យអ្នកខាតពេលវេលាដល់ទៅ ១០ឆ្នាំ និងត្រូវរស់នៅយ៉ាងលំបាករយៈពេល ១០ឆ្នាំដូចគ្នាដែរ ព្រោះអ្នកខ្លះបានសម្រេចចិត្តទទួលយកកម្ចីទិញផ្ទះជាមួយ ធនាគារ ជាហេតុធ្វើឲ្យពួកគេត្រូវបង់រំលស់ជាមួយនឹងការប្រាក់មួយចំនួនថែមទៀត។
ប្រភព : អត្ថបទ៖ Bee