ភ្នំពេញ៖ គិតត្រឹមរយៈពេល៣១ថ្ងៃនៃខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ចំពោះការវិនិយោគលើវិស័យសំណង់នៅក្នុងកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៨២៩លានដុល្លារ មានការកើនឡើងរហូតដល់ ១៧៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅនេះ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ផ្លែផ្កានគរូបនីយកម្ម ដែលរួមមានការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ បានក្លាយជាសរសរស្តម្ភស្នូលយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ជាក់ស្ដែង នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយរាប់ចាប់ពីឆ្នាំ២០១០ រហូតឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានចំនួនប្រមាណ ៤៣,៨៩៦ លានដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែក សម្រាប់ដើមឆ្នាំ២០១៩ ក្នុងមករា កន្លងទៅនេះ ការវិនិយោគលើវិស័យមួយនេះមានទំហំទឹកប្រាក់ប្រមាណ ៨២៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ ។
ចំពោះក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាប័ណ្ណ ២៣០៧ ក្រុមហ៊ុន រួមមានស្ថបត្យករប្រមាណជាង ២៥០០ នាក់ វិស្វករប្រមាណជាង ៣០,០០០ នាក់។ នេះគឺជាសញ្ញាវិជ្ជមានដ៏ប្រសើរមួយចំពោះការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។
លោកបានបញ្ជាក់ទៀតថា ជាមួយនឹងការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ ដែលកំពុងមានកំណើនក្នុងល្បឿនយ៉ាងលឿននេះ យើងអាចមើលឃើញពីតម្រូវការវិនិយោគជាច្រើន មានជាអាទិ៍ដូចជា ការអភិវឌ្ឍសំណង់លំនៅដ្ឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថាន សេដ្ឋកិច្ចសង្គម ជាពិសេសការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ និងប្រពន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណលរឹង និងរាវ លំហរសាធារណៈ និងផ្ទៃបៃតងបរិស្ថានទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយដ៏មានមប្រសិទ្ធភាពសម្រាប់គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចិរភាព មានបរិយាប័ន្ទ មានភាពធន់ និងមានភាពប្រកួតប្រជែង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕
ប្រភព : www.propertyarea.asia