ដោយសារនៅទីក្រុងមានភាពចង្អៀត បង្ករឲ្យមានការស្ទះចរាចរណ៍ មានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ មានផ្សែងពុលពីរោងចក្រ មានការរំខានដោយសំឡេងរំពងផ្សេងៗ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចចេញលិខិតស្នើរសុំជាផ្លូវការទៅកាន់ម្ចាស់អាជីវកម្មក្នុងក្រុងមួយចំនួនឲ្យរើចេញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បាន ស្នើរដល់ម្ចាស់ រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ព្រមទាំង យានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅទីក្នុងទីប្រជុំជននៅភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងអស់ ខណៈទីតាំងកន្លែងណាមួយនៅមិនទាន់ប្រាកដនៅឡើយ។
គួរឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។ ដែលនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ។
យ៉ាងណារដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះឲ្យបានល្អប្រសើរ។
ប្រភព : អត្ថបទ៖ Bee