ភ្នំពេញ៖ តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការណ៍ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកកម្ពុជា។
ការប្រកាសតម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវអនុលោមតាមបញ្ញត្តិមាត្រា១៨ ចំនុច “ខ” នៃច្បាប់ស្តីពីគយនិងបញ្ញត្តិប្រកាសលេខ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពី ការកំណត់តម្លៃគិត ពន្ធគយលើទំនិញនាំចូល។ តម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវប្រកាសជាប្រាក់រៀល (មាត្រា២៣ នៃច្បាប់ស្តីពីគយ)។
វិធីសាស្ត្រគណនាតម្លៃគិតពន្ធគយ មានបកស្រាយតាមរបៀបសាមញ្ញនៅក្នុង Brochureស្តីពី ការកំណត់តម្លៃគិតពន្ធគយ ដែលអាចស្វែងរកបាននៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការធ្វើវិមជ្ឈការការងារតម្លៃគិតពន្ធគយ
ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូល តាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយ និងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែសាខាគយនិង រដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ។
មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានា ក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ នៅតាមអង្គភាពគយនិងរដ្ឋាករមូល ដ្ឋានតែម្តង។ លើកលែងតែការនាំចូលមុខទំនិញ មានហានិភ័យខ្ពស់មួយចំនួន ដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិសា និងបរិក្ខារល្បែង ជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ តម្លៃគិតពន្ធគយនៅទីចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ)។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករបាននិងកំពុងពិនិត្យលទ្ធភាព នៃការធ្វើវិមជ្ឈការនេះ ឲ្យមានភាពគ្របដណ្តប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស៕
ប្រភព : www.propertyarea.asia