Register Already an agent ? Login

គម្រោងធំៗទាំង២នៅក្រុងបាវិត កំពុងអង្រួនវិស័យដីធ្លី នៅតំបន់នេះ

ក្រុងបាវិតជាក្រុងមួយដ៏សំខាន់ដែលមានព្រំប្រទល់ជាប់ជាមួយនិងប្រទេសវៀតណាមហើយមានទីតាំងភូមិសាស្រ្តសស្ថិតនៅចន្លោះរវាងក្រុងភ្នំពេញនិងក្រុងហូជីមិញនៃប្រទេសវៀតណាម។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Empire World Group បានបោះទុនវិនិយោគ លើគម្រោងទីក្រុងរណប១នេះ ដែលនៅក្នុងគម្រោងនេះ មាន កាស៊ីណូ, សណ្ឋាគារ, រមណីយដ្ឋាន, មជ្ឈមណ្ឌលផ្សារទំនើប និងគម្រោងជាច្រើនទៀត ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ មកកម្សាន្តកាន់ច្រើនបន្ថែមទៀត ពិសេសអាចបង្កើនសេដ្ឋកិច្ចក្នុងតំបន់កាន់តែប្រសើរផងដែរ ។

ក្រៅពីគម្រោង ទីក្រុងរណបជិត១០០០ហិកតានេះ តំបន់នេះ នៅមានគម្រោងរបស់ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មចិនមួយ ដែល គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។

ជាមួយគ្នានេះ ចំពោះតម្លៃដីធ្លីនៅតំបន់នេះ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា បច្ចុប្បន្នតម្លៃដីធ្លីនៅក្រុងបាវិត មានចន្លោះពី២០០ទៅ៣០០ដុល្លារសម្រាប់ តំបន់ជាប់ផ្លូវជាតិ និងតំបន់ពាណិជ្ជកម្ម រីឯ តំបន់ឧស្សាហកម្មមានតម្លៃចន្លោះពី៣០ទៅ៥០ដុល្លារអាមេរិក ហើយតំបន់ស្ថិតនៅឆ្ងាយពីផ្លូវជាតិមានតម្លៃចន្លោះពី៥ទៅ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ និងកំណើននៃការវិនិយោគបច្ចុប្បន្ន ក្រុងបាវិតមានកាស៊ីណូ និងសណ្ឋាគារថ្មីៗជាច្រើនកំពុងសាងសង់បន្ថែមទៀត ខណៈពីមុនមកមានកាស៊ីណូមួយចំនួនបានបិទទ្វារ ប៉ុន្តែពេលនេះពួកគេបានបើកដំណើរការឡើងវិញអស់ហើយ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នតំបន់នេះ គេអាចសាងសង់ផ្ទះជួលបាន សាងសង់ផ្ទះលក់ក៏បាននិងសាងសង់ផ្សារក៏បាន និងមានសកម្មភាពពុះដីឡូត៍លក់ច្រើន ដោយសារមានប្រជាពលរដ្ឋរស់នៅច្រើននៅក្នុងទីក្រុងនេះ។

ប្រភព : អត្ថបទ៖ Bee