មិត្តចិនបានសន្យានឹងសាងសង់ផ្លូវជាតិលេខ៧ ប្រវែងប្រមាណជិត ១០០គីឡូម៉ែត្រ ពីខេត្តក្រចេះ ទៅព្រំដែនឡាវ ក្រោម ឥណទាន ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម លឹមស៊ី ដេនីន ថ្លែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាក់ស្តែង គម្រោងសាងសង់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦៥គ.ម ហើយភាគីចិនបានសន្យាបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្របន្ថែមទៀត ភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែនប្រទេសឡាវ តាមរយៈឥណទានជំនួយ ឥតសំណងរបស់រដ្ឋាភិបាលចិន។
ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣,៥៦៥គម ត្រូវបានស្ដារឡើងវិញចាប់តាំង ពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លង ទៅ ដោយក្រុមហ៊ុនចិនសៀងហៃ (SCG)។
ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចរណ៍ ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឱ្យដឹកជញ្ជូនផ្ទុកលើសទម្ងន់ពីច្បាប់កំណត់ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ ៧នេះ ព្រោះវាជាជំនួយ ឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍ សាធារណៈសម្រាប់ខ្មែរ ប្រើប្រាស់ នៅគង់វង្ស បានយូរ អង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ។
ប្រភព : អត្ថបទ៖ Bee