Register Already an agent ? Login

សហព័ន្ធ​អាល្លឺម៉ង់​ប្រកាស​​បន្ត​​សហ​ប្រតិបត្តិ​ការ​​ជាមួយ​កម្ពុជា ​និង​ចង់​វិនិយោគ​​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​បន្ត​សហប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ ​លើ​គំរោង​ជាច្រើន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​។​

​លោក​ ​Nobert​ ​BARTHLE​ ​ជាស​មា​ជិ​ក​សហព័ន្ធ​អាល្លឺម៉ង់​ ​និង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​សហប្រតិបត្តិ​ការ​ ​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី២៥​ ​កុម្ភៈ​កន្លងមក​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា​ ​និង​មន្រ្តី​ជាន់ខ្ពស់​អាល្លឺម៉ង់​នា​ពេលនេះ​ ​ធ្វើឡើង​ដើម្បី​ស្វែងយល់​ពី​គម្រោង​ទាំងឡាយ​ ​ដែល​សហព័ន្ធ​អាល្លឺម៉ង់​ ​បាន​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ​ដើម្បី​បាន​ជា​មូលដ្ឋាន​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​នៅ​លើ​គម្រោង​ជាច្រើន​បន្ថែម​ទៀត​ ​ដោយ​អនុវត្ត​ទៅតាម​ការណែនាំ​ពី​លោកស្រី​អធិការបតី​ ​Angela​ ​Merkel​ ​ដែល​កន្លងមក​លោកស្រី​តែងតែ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដឹកនាំ​ដោយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​។​

លោក​ ​Nobert​ ​BARTHLE​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា​ ​លោក​បាន​កត់សម្គាល់​ពី​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ ​ហើយ​សង្កេតឃើញ​មានការ​វិនិយោគ​ជាច្រើន​ ​នៅក្នុង​នោះ​លោក​ក៏​មានការ​លើកទឹកចិត្ត​ ​ដល់​អ្នក​វិនិយោគ​ជាច្រើន​ ​ពី​អាល្លឺម៉ង់​អោយ​មក​កម្ពុជា​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​លោក​ ​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា​កន្លងមក​ ​គឺ​មាន​អ្នក​វិនិយោគិន​អាល្លឺម៉ង់​ជាច្រើន​បាន​ចាប់អារម្មណ៍​ ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​

ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែងអំណរគុណ​ ​និង​ផ្ញើ​ការ​សួរសុខទុក្ខ​ជូន​ ​ចំពោះ​លោកជំទាវ​អធិការបតី​អាល្លឺម៉ង់​ ​ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​សម្ដេច​ ​ដែល​បាន​ជាប់ឆ្នោត​ជានា​យក​មន្រ្តី​កន្លងមក​នេះ​។​ ​សម្តេច​តេជោ​បាន​មានប្រសាសន៍​ ​និង​អរគុណ​ចំពោះ​ការវាយតម្លៃ​ដោយ​ស្មោះត្រង់​ ​ចំពោះ​ការ​វិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ​ដោយ​សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ ​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ១៩៧៩​ ​គឺ​សម្តេច​បាន​ជួប​មនុស្ស​តែ៧០នាក់​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​នៅពេល​នេះ​ ​ភ្នំពេញ​មាន​មនុស្សជា​ច្រើន​បាន​កំពុង​រស់នៅ​យ៉ាង​សុខសប្បាយ​ ​និង​មានការ​អភិវឌ្ឍ​យ៉ាងច្រើន​។​ ​

សម្តេ​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បន្ត​ថា​ ​“​ការ​អភិវឌ្ឍ​នេះ​ទទួល​បាន​ត្រឹម​ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​នាំ​អោយ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព​ ​ហើយ​ការអភិវឌ្ឍន៍​នេះ​ ​ក៏​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ ​ក្នុង​នោះ​ក៏​មាន​អាល្លឺម៉ង់​ផង​ដែរ​”​។​

សម្តេច​តេជោ​ក៏បាន​មានប្រសាសន៍​ថា​ ​ទោះបីជា​ពេលនេះ​ ​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​យ៉ាងណាក៏ដោយ​ ​ក៏​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​នៅឡើយ​ ​ហើយ​ក្នុង​នោះ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការងារ​អាទិភាព​មួយចំនួន​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​រួមមាន​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​បញ្ហា​ទឹក​ស្រោច​ស្រប់​ ​បញ្ហា​ទូរគមនាគមន៍​ ​គមនាគមន៍​ ​និង​បញ្ហា​អគ្គិសនី​ផង​ដែរ​៕​

ប្រភព : www.propertyarea.asia