ភ្នំពេញ៖ ដោយសារកំណើនជនបរទេស និងអ្នកវិនិយោគអន្តរជាតិ បានធ្វើឲ្យអ្នកវិនិយោគជាច្រើនចាប់ផ្តើមសាងសង់ខុនដូនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ាងហូ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ កុម្ភៈនេះថា នៅឆ្នាំ២០១៩នេះ ខុនដូចំនួន៥គំរោងបាននិងកំពុងសាងសង់នៅទីក្រុងប៉ោយប៉ែត ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ពីអ្នកវិនិយោគក្នុងស្រុក ពិសេសអ្នកវិនិយោគអន្តរជាតិដែលបាន និងកំពុងបន្តកើនឡើងក្នុងទីក្រុងនេះ។ លោកបន្តថា ក្រៅពីវិនិយោគលើខុនដូ អ្នកវិនិយោគក៏បាននិងកំពុងសាងសង់សណ្ឋាគារកាន់តែច្រើនផងដែរ ដោយសារតម្រូវការកើនឡើងខ្ពស់។
លោកបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារខ្ពស់ៗប្រមាណ៦០អាគារ ធ្វើឲ្យទីក្រុងនេះមានភាពរីកចម្រើនមិនចាញ់ទីក្រុងដទៃឡើយ ពិសេសបច្ចុប្បន្នទីក្រុងនេះ មានចំនួនប្រជាសាស្រ្តកើនឡើងជាបន្តបន្ទាប់”។ លោកបន្តថា “ក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលបាននិងកំពុងស្រូបយកកំលាំងពលកម្មរាប់ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋជិតឆ្ងាយ”។
ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាជនរស់នៅសរុបប្រមាណ១៥០,០០០នាក់ និងជនបរទេសរស់នៅប្រមាណ ៣០,០០០ នាក់។
ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាជនរស់នៅសរុបប្រមាណ១៥០,០០០នាក់ និងជនបរទេសរស់នៅប្រមាណ ៣០,០០០ នាក់។
លោកបន្តថា “ខ្ញុំគិតថាពេលនេះជាពេលវេលាល្អ ដែលអ្នកវិនិយោគក្នុងស្រុកគួរមកវិនិយោគនៅក្រុងប៉ោយប៉ែត ដើម្បីសាងសង់អាគារការិយាល័យ អាផាតម៉ិន និងខុនដូនានា”។ លោកបន្តថា “អ្នកមានជំនាញ និងចំណេះដឹងក៏អាចមករកការងារធ្វើនិងមានប្រាក់ចំណូលច្រើននៅទីក្រុងជាយដែននេះផងដែរ”៕
ប្រភព : www.propertyarea.asia