ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានស្នើរឲ្យអ្នកដែលបម្រើសេវាកម្មទេសចរណ៍ទាំងអស់ដូចជា ផ្នែកសណ្ឋាគារ និងភោជនីដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការផ្តល់សេវាបដិសណ្ឋារកិច្ច និងផ្នែកអនាម័យ ត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តគ្រួសារ និងអ្នកទេសចរជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅថ្ងៃទី២៥ ខែកុម្ភៈនេះ សម្តេចតេជោបន្តថា “បើធ្វើជាអ្នកជំនួញ ឬអ្នកលក់ដូ ការរកអតិថិជនម្នាក់មកទិញរបស់យើងនោះ គឺជារឿងលំបាកហើយ តែរឿងដែលពិបាកជាងហ្នឹងទៀតនោះ គឺអ្នកលក់ត្រូវធានាយ៉ាងណា ដល់អថិតិជនដែលជាអ្នកទិញនៅទំនិញរបស់យើងនោះ ថ្ងៃក្រោយគេមកទិញទៀត”។
សម្តេចបន្ថែមថា “មិនត្រឹមតែមកទិញខ្លួនឯងទេ គេហៅថែមមិត្តភក្តិរបស់គេឲ្យមកជួយទិញថែមទៀត ទើបជាបញ្ហាជោគជ័យនៃមុខជំនួញ” ។ សម្តេចបន្តថា “កុំឲ្យគេមកទិញម្តងហើយ រៀងចាល មុខគេមិនមើល សម្តីគំរោះ គំរើយ តម្លៃកាត់ខ្ពស់ ចឹងថ្ងៃក្រោយរកស៊ីខាត កុំថាមកពីរដ្ឋាភិបាល បន្ទោសមកពីយើង មុខអាក្រក់ សម្តីអាក្រក់ យើងពិនិត្យមើលឡឡើងវិញ”។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យវិស័យទេសចរណ៍ត្រូវមានការផ្សាភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្ម តាមរយៈការជំរុញឲ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្មបែបធម្មជាតិឲ្យបានច្រើន ដើម្បីបំពេញតម្រូវការដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ។
ខេត្ត ក្រុងបីបានពានល្អជាងគេ
ជាមួយគ្នានេះ ខេត្ត-ក្រុងចំនួន៣បានទទួលបានជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០១៩កន្លងមកនេះ គឺ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង៣)ខេត្តកែប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសារដល់ខេត្ត និងក្រុងដែលទទួលបានជ័យលាភីជាទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំគឺមានៈ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង ៣)ខេត្តកែប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
ប្រភព : www.propertyarea.asia