Register Already an agent ? Login

កម្ពុជា​ ​ឡាវ​ ​ឯកភាព​រៀបចំ​ឱ្យ​មានការ​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​

​ភ្នំពេញ​៖​ ​ភាគី​កម្ពុជា​-​ឡាវ​បាន​ឯកភាព​រៀបចំ​បឋម​ ​នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាមរយៈ​រថយន្ត​ដឹក​អ្នកដំណើរ​រវាង​កម្ពុជា​ ​និង​ឡាវ​ ​ជាពិសេស​រវាង​ភ្នំពេញ​-​ប៉ាក់​សេ​ ​និង​សៀមរាប​-​ប៉ាក់​សេ​។​ ​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​អាកាសចរណ៍​ស៊ីវិល​ ​លើ​ផ្នែក​សុវត្ថិភាព​ ​សន្តិសុខ​ ​ការ​អភិវឌ្ឍ​ផ្លូវអាកាស​ ​និង​ការផ្លាស់ប្ដូរ​ ​ការ​បណ្ដុះបណ្ដាល​ ​និង​ពិនិត្យ​លទ្ធភាព​បង្កើន​ ​ការហោះហើរ​ត្រង់​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ​។​

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​កម្ពុជា​-​ឡាវ​ ​លើក​ទី១៣នៅ​រដ្ឋធានី​វៀងចន្ទន៍​ ​កាលពី​ថ្ងៃទី២១​-​២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ភាគី​ទាំងពីរ​ ​ក៏បាន​ពិភាក្សា​អំពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ​និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ ​បញ្ចប់​សេចក្តី​ព្រាង​បែបបទ​បច្ចេកទេស​ ​(​TOR​)​ ​ឲ្យបាន​ឆាប់​ ​ស្របតាម​ខ្លឹមសារ​នៃ​លិខិត​រួម​របស់​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ ​ចុះ​ថ្ងៃទី៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​ផ្ញើ​ ​ជូន​ប្រធានាធិបតី​បារាំង​។​ ​

ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​បន្ត​លើកកម្ពស់​ការយល់​ដឹង​ ​របស់​ប្រជាជន​របស់​ខ្លួន​ ​លើ​ឯកសារ​ព្រំដែន​ដែល​ត្រូវ​បាន​ព្រមព្រៀង​ ​ដោយ​ប្រទេស​ទាំងពីរ​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​លើកកម្ពស់​សកម្មភាព​ដូចជា​ ​អន្តោប្រវេសន៍​ខុសច្បាប់​ ​ពាណិជ្ជកម្ម​ ​ខុសច្បាប់​ ​និង​ការ​ឆ្លងដែន​ខុសច្បាប់​តាម​បណ្តោយ​ព្រំដែន​។​

​កិច្ចប្រជុំ​ក៏បាន​ឯកភាព​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដែល​ក្នុង​នោះ​រួមមាន​ ​អប់រំ​ ​ព័ត៌មាន​ ​កសិកម្ម​ ​ទេសចរណ៍​ ​វប្បធម៌​ ​សុខភាព​សាធារណៈ​ ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ច្បាប់​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​តុលាការ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​កុងស៊ុល​។​ ​ក្រៅពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្នុង​យន្តការ​ថ្នាក់​អនុ​តំបន់​ ​និង​តំបន់​ ​ឆ្ពោះទៅ​រក​សមាហរណកម្ម​ ​និង​ការ​តភ្ជាប់​ ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​និង​គ្រប់ជ្រុងជ្រោយ​។​

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​ឡាវ​ ​បាន​និង​កំពុង​រីកចម្រើន​ ​ប៉ុន្តែ​នៅ​មានកម្រិត​នៅឡើយ​។​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ ​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​ ​បង្កើន​ ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការជំរុញ​ ​និង​ការ​ការពារ​វិនិយោគ​ ​និង​បង្កើត​បរិយាកាស​អំណោយផល​ ​ដល់​ ​វិនិយោគិន​ ​ដើម្បី​លើកកម្ពស់​លំហូរ​ចេញ​-​ចូល​ ​នៃ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​៕​

ប្រភព : www.propertyarea.asia