ភ្នំពេញ៖ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនចិនកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់ចិន បានប្រកាសទទួលវិនិយោគគំរោងនេះ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ កុម្ភៈកន្លងមកថា គំរោងសាងសង់ផ្លូវល្បឿនលឿននេះ សិក្សាដោយអ្នកជំនាញអង្គការ JICA រួចហើយ ដោយគ្រោងចំណាយថវិកាសរុប ៣៨០០លានដុល្លារ ដែលជាការចំណាយដ៏ធំធេងមួយ។
លោកបន្តថា កន្លងមកមានក្រុមហ៊ុនចិន និងបច្ចុប្បន្នទំនងជាមានក្រុមហ៊ុនចិនជាច្រើនទៀត កំពុងសិក្សាដើម្បីឈានទៅសាងសង់ផ្លូវល្បឿនលឿននេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការបានបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលសិក្សាចំណាយអស់ច្រើនកន្លងមក ដោយសារផ្លូវនេះត្រូវធ្វើស្ពានប្រវែងជា ១០គីឡូម៉ែត្រ នៅតំបន់ស្រុកល្វាឯម ដោយសារផ្លូវនេះគ្រោងធ្វើនៅផ្នែកខាងឆ្វេងទន្លេមេគង្គ”។ លោកបន្តថា “ផ្លូវនេះនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង”។
ទោះជាយ៉ាងណាគំរោងសាងសង់ផ្លូវនេះ មិនដឹងបញ្ចប់ការសិក្សានិងចាប់ផ្តើមនៅ ពេលណានៅឡើយទេ។ ក្នុងពេលអញ្ជើញទស្សនកិច្ចប្រទេសចិន ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់របស់ចិន ចូលជួបសម្តែងការគួរសម ហើយសម្តេចបានជំរុញឲ្យក្រុមហ៊ុននេះពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់ចិន បានជម្រាបសម្តេចតេជោពីគំរោងដែលក្រុមហ៊ុននេះ នឹងទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ខេត្តស្វាយរៀងផងដែរ៕
ប្រភព : www.propertyarea.asia