កោះកុង៖ ព្រលានយន្តហោះទី១ នៅក្នុងខេត្តកោះកុង និងជាព្រលានទី៤ របស់កម្ពុជាបាននិងកំពុងចាប់ផ្តើមសាងសង់ហើយ នៅក្នុងគំរោងតារាសាគរ ក្នុងខេត្តកោះកុង។
ថ្នាក់ដឹកនាំក្រុមហ៊ុន UNION DEVELOPMENT GROUP Co, Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញ ក្នុងពិធីសម្ភោធគំរោង DARA COVE ដែលមានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថា គំរោងតារាសាគរនៃក្រុមហ៊ុន UNION DEVELOPMENT GROUP មានធនធានធម្មជាតិ ផ្លូវគមនាគមន៍ និងគោលនយោបាយមិនអាចចម្លងបាន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាកាសយានដ្ឋានលំដាប់អន្តរជាតិ ដែលជាអាកាសយានដ្ឋានអន្តរជាតិទី៤របស់កម្ពុជា។
លោកបន្តថា “ក្រុមហ៊ុនចិនកំពុងសាងសង់ ដោយប្រើកំលាំងពេញលេញ តាមស្តង់ដា 4F ដែលជាស្តង់ដាអន្តរជាតិកម្រិតខ្ពស់បំផុត”។លោកបន្តថា “គំរោងសាងសង់ដំណាក់កាលដំបូងបានបញ្ចប់ទាន់ពេលវេលា និងតាមការគ្រោងទុក ដែលរំពឹងថាប្រតិបត្តិការរបស់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២០ ដែលនឹងធ្វើឲ្យប្រទេសកម្ពុជា ជាមួយប្រទេសអាស៊ី និងតំបន់ផ្សេងៗទៀតកាន់តែខិតជិតគ្នា”។
ក្នុងកំឡុងចូលរួមជាអធិបតីក្នុងពិធីសម្ភោធបុណ្យសមុទ្រនៅខេត្តកោះកុង កាលពីចុងឆ្នាំមុន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានស្វាគមន៍គំរោងសាងសង់ព្រលានយន្តហោះនេះ ដែលនឹងទាក់ទាញការធ្វើដំណើរមកកាន់ខេត្តកោះកុង និងជំរុញ ព្រមទាំងទាក់ទាញទេសចរណ៍អន្តរជាតិផងដែរ ហើយសម្តេចបានជំរុញឲ្យក្រុមហ៊ុននេះប្រើប្រាស់អង្កររបស់កម្ពុជា ដើម្បីទទួលបានភ្ញៀវទេសចរណ៍។
ជាមួយគ្នានេះ ក្រុមហ៊ុន Bangkok Airway ក៏បានស្នើសុំជួសជុលនិងសាងសង់ព្រលានយន្តហោះ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ(ទីរួមខេត្ត) និងបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលហើយ តែរហូតមកទល់ពេលនេះអ្វីៗហាក់ស្ថិតក្នុងភាពស្ងប់ស្ងាត់នៅឡើយ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការសាងសង់ព្រលាននេះជារឿងល្អសំរាប់កម្ពុជា ដែលវានឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតហោះហើរត្រង់មកកម្ពុជា និងផ្តល់ជម្រើសជើងហោះហើរកាន់តែច្រើនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រោះខេត្តកោះកុងមានសក្តានុពលធនធានធម្មជាតិដ៏ច្រើន ដែលយើងមិនទាន់ទាញយកអស់សក្តានុពលមកប្រើប្រាស់នៅឡើយ។
លោកស្រីបន្តថា “វានឹងមិនមែនជាការប្រកួតប្រជែងជាមួយព្រលានយន្តហោះខេត្តព្រះសីហនុទេ តែវាជាការជំរុញការវិនិយោគ និងផ្តល់ជម្រើសកាន់តែច្រើនដល់ក្រុមហ៊ុនអាកាសចរណ៍នានា”៕
ប្រភព : www.propertyarea.asia