ភ្នំពេញ៖ ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី “UNION DEVELOPMENT GROUP CO., LTD” ដ៏ធំរបស់ចិនបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងឈូងសមុទ្រតារា “DARA COVE” នៅស្រុកគីរីសាគរ ខេត្តកោះកុង ។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានគម្រោងឈូងសមុទ្រតារាត្រូវបានរៀបចំធ្វើឡើងកាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានឪ្យដឹងថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានខ្នាតអន្តរជាតិ ដែលជាអាកាសយានដ្ឋានអន្តរជាតិទី៤ នៅកម្ពុជា កំពុងត្រូវបានសាងសង់ឡើង ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា ជាមួយប្រទេសអាស៊ី និងតំបន់សំខាន់ៗផ្សេងទៀត កាន់តែខិតជិតគ្នា។
សម្តេចបន្តថា “មិនតែប៉ុណ្ណោះ គម្រោងនៃកំពង់ផែចម្រុះ១០ម៉ឺនតោន ក៏ត្រូវបានអនុម័តសម្រាប់ការសាងសង់ផងដែរ”។
ជាមួយគ្នានោះដែរ សម្តេចក៏បានចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការម៉ៅការសាងសង់ និងរចនាបថ គម្រោងឈូងសមុទ្រតារា “DARA COVE” រវាងក្រុមហ៊ុន UNION DEVELOPMENT GROUP CO., LTD ជាមួយក្រុមហ៊ុន MCC LAND (SINGAPORE) PTE. LTD. នៅស្រុកគីរីសាគរ ខេត្តកោះកុង។
ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី “UNION DEVELOPMENT GROUP CO., LTD” ដ៏ធំមួយនេះ បានទទួលដីសម្បទានពីរដ្ឋាភិបាលចំនួន ៤៥០០០ ហិកតាគ្របដំណ្តប់ស្រុកគិរីសារគរ និងបទុមសារគរក្នុងខេត្តកោះកុង មានគម្រោងបោះទុនវិនិយោគសរុបចំនួន ៤០០០ លានដុល្លារអាមេរិកដោយក្នុងនោះមានគម្រោងសាងសង់ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ បុរីស្នាក់នៅ ទីលានវៃកូនគោល សណ្ឋាគារ តំបន់លំហែកាយ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ និងលំនៅដ្ឋានផ្សេងៗទៀតជាច្រើន៕
ប្រភព : www.propertyarea.asia