Register Already an agent ? Login

ក្រុមហ៊ុនជប៉ុនវិនិយោគ​នៅ​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ ២,៥​ពាន់​​លាន​​ដុល្លារ​​អាមេរិក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជាបានថ្លែងឲ្យដឹងថា មកដល់ពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ចុះ​បញ្ជីវិនិយោគដល់ក្រុមហ៊ុនជប៉ុនមានចំនួន១៣៧គម្រោង ដែលមានទុនវិនិយោគសរុប ចំនួន​ប្រមាណ​២,៥​ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន។

ក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជាបានផ្តោតលើវិស័យធំៗជាច្រើនដូចជាវិស័យ​សំណង់ និងអចលនទ្រព្យ វិស័យ​លក់​រាយ តាមរយៈការបើកផ្សារទំនើប AEON Mall បន្តបន្ទាប់ ការបើកដំណើរការសេវាកម្មភោជនីយដ្ឋាន និងសេវាកម្ម​អចលនទ្រព្យ មន្ទីរពេទ្យនិងសេវាកម្មជាច្រើនទៀត។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យដឹង នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងមក ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី២០ ម្សិលមិញនេះ មានការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់​អនុវត្ត​គម្រោងចំនួនពីរ ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៣លានដុល្លារអាមេរិក ស្រប​តាម​កិច្ចព្រមព្រៀងរវាងកម្ពុជា-ជប៉ុនស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការ​ពា​រវិនិយោគ ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋ​មន្ត្រី​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០០៧។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឺឈិ បានមានប្រសា​សន៍ថា កិច្ចប្រជុំនេះមាន​សារៈ​សំខាន់​ណាស់ សម្រាប់ការដោះស្រាយរាល់បញ្ហានានា ទាក់​ទងនឹងការវិនិ​យោគរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា ក្នុង​នោះ​ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែល​ជា​និច្ច​ជាកាលតែងតែបានសហការយ៉ាងល្អ និងបានខិតខំប្រឹងប្រែងប្រកប​ដោ​យស្មារតីទទួលខុសត្រូវ ក្នុងការសម្របសម្រួល និង​ផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរមាន​ការផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត ដោយសារកំនើន​នៃការហូរ​ចូល​អ្នក​វិនិយោគជប៉ុនមកកម្ពុជា ពិសេសការហោះហើរត្រង់របស់ក្រុមហ៊ុន ANA Airline ដែលបាននិងកំពុងជួយបង្កើនការ​វិនិយោគ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

លោកបន្តថា “ជប៉ុនចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជាដោយសារ ពួកគេបាន​សិក្សាពីទីផ្សារ ពីស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ឋច្បាប់របស់កម្ពុជាច្បាស់លាស់រួចហើយ ទើបពួកគេមកវិនិយោគ”។ លោកបន្តថា “រហូតមក​ទល់​ពេល​នេះ​ជប៉ុន​បាន​កសាងមូលដ្ឋានគ្រឹះ សំរាប់វិនិយោគរយៈពេលវែងនៅកម្ពុជានៅកម្ពុជារួចហើយ”៕

ប្រភព : www.propertyarea.asia