Register Already an agent ? Login

លោក​ ​សុខ​ ​ចិន្តា​សោភា​៖​ ​ច្បាប់​វិនិយោគ​កម្ពុជា​មាន​លក្ខណៈ​បើកទូលាយ​ជាង​ប្រទេស​មួយចំនួន​

ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អះអាង​ថា​ ​ច្បាប់​វិនិយោគ​កម្ពុជា​មាន​ភាព​ប្រទាក់ក្រឡា​ ​និង​ទាក់ទាញ​គ្រប់ជ្រុងជ្រោយ​ ​ជាពិសេស​កម្ពុជា​អនុវត្តន៍​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​ទូលាយ​ជាង​បណ្តា​ប្រទេស​មួយចំនួន​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ដើម្បី​ជា​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ ​នៅក្នុង​ដើម​សប្តាហ៍​នេះ​ថា​ ​ការបង្កើត​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ជាលើកដំបូង​ ​គឺ​ ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​នីតិកាល​ទី១​ ​នៅ​ឆ្នាំ ១៩៩៣​ ​គឺ​បាន​អនុម័ត​និង​បាន​ដាក់ឲ្យ​អនុវត្តន៍​នៅ​ឆ្នាំ១៩៩៤​ ​បន្ទាប់មក​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ២០០៣​ ​ដើ​ ​ម្បី​ធ្វើឡើង​ឲ្យ​ស្រប​ទៅតាម​ការវិវត្តន៍​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​របស់​កម្ពុជា​នា​ពេលនោះ​។​

​លោក​បន្ត​ថា​ ​ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ ​កម្ពុជា​ត្រូវតែ​មានច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ប្រទាក់​ទាញ​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់​មិន​អាច​ខ្វះ​បាន​។​

​ហេតុនេះ​រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់​ ​ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​ក្របខណ្ឌ​គតិយុត្តិ​ ​និង​រៀបចំ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ ​ឲ្យ​ស្រប​ទៅតាម​បរិការណ៍​តំបន់​ ​ក៏ដូចជា​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​ ​ទោះបី​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​ ​មាន​លក្ខណៈ​បើកទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយចំនួន​ ​នៅក្នុង​តំបន់​យ៉ាងណាក៏ដោយ​។​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​មានប្រសាសន៍​ថា​ ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ពិតជា​មាន​លក្ខណៈ​បើកចំហ​ ​ដែល​វា​នឹង​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត​ ​ព្រោះ​មានតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ ​ដែល​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​បើក​ក្រុមហ៊ុន​ ​ឬ​វិនិយោគ​ ​១០០ភាគរយ​ ​ដោយ​មិន​ចាំបាច់​មានដៃ​គូ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​។​

​លោក​បន្ត​ថា​ ​“​ការ​ទាក់ទាញ​ការ​វិនិយោគ​ពឹងផ្អែក​លើ​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំណើន​សេដ្ឋកិច្ច​ ​ពិសេស​ច្បាប់​វិនិយោគ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​ ​ដែល​វា​នឹងជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​”​៕

ប្រភព : www.propertyarea.asia