ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគចំនួន៥ដែលមានទុនវិនិយោគជាង៦០០លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនចំនួន៥ដែលបានចូលមកវិនិយោគនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា គណកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាផ្លូវការឲ្យក្រុមហ៊ុនចំនួន៥ ដើម្បីវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះ រួមមាន១-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។
២-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១០កន្លែង។
៣-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៥០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។
៤-“NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៥៩៨កន្លែង។
៥-“FULL EVER TEXTILES (CAMBODIA)COMPANY LIMITED.”គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៧៥កន្លែង៕
ប្រភព : www.propertyarea.asia