ភ្នំពេញ៖ ខណៈការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនឹងកាន់តែខិតជិតមកដល់ ហើយប្រជាពលរដ្ឋកាន់តែអន្ទះសារចង់ឃើញផ្លូវនេះ ចាប់ផ្តើមសាងសង់ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបពីពេលវេលាសាងសង់ផ្លូវនេះជាក់លាក់ហើយ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់ផ្លូវនេះនឹងធ្វើឡើងនៅពេលឆាប់ៗនេះ ដោយសារឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រាប់ថា ផ្លូវល្បឿនលឿនប្រវែងជាង ១៩០គីឡូម៉ែត្រនេះ នឹងចាប់ផ្តើមសាងសង់នៅខែមីនាខាងមុខនេះហើយ។
លោកបន្តថា “ការកំណត់ពេលវេលាសាងសង់ របស់ឯកឧត្តមទេសរដ្ឋមន្រ្តីជាក់លាក់ហើយ តែជួនកាលការដោះស្រាយផលប៉ះពាល់មិនរួចទាន់ពេលវេលា ក៏អាចធ្វើឲ្យគំរោងនេះដំណើរការដែរ”។លោកបន្តថា “ខ្ញុំគ្រាន់តែអាចបញ្ជាក់បានថា ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រាប់ថា ការសាងសង់ផ្លូវនេះនឹងធ្វើនៅខែមីនាខាងមុខនេះ”។
តើផ្លូវនេះនឹងមានចំណុចឆ្លងកាត់បែបណា? លោក វ៉ា ស៊ីមសូរិយា បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវនេះនឹងចេញដំណើរនៅចំណុចប្រសព្វគ្នានៃផ្លូវរថភ្លើង ដែលស្ថិតនៅក្បែរតំបន់កប់ស្រូវ និងស្ថិតនៅខាងស្តាំដៃនៃផ្លូវជាតិលេខ៤ ហើយផ្លូវនេះនឹងរត់ស្របគ្នាជាមួយផ្លូវជាតិលេខ៤ ប្រមាណ៣០គីឡូម៉ែត្រ និងនៅពេលទៅជិតដល់ទីរួមខេត្តកំពង់ស្ពឺ ផ្លូវនេះនឹងឆ្លងកាត់ផ្លូវជាតិលេខ៤ងាកមកឆ្វេងដៃ។ លោកបន្តថា បន្ទាប់ពីឆ្លងកាត់ផ្លូវជាតិលេខ៤ងាកមកឆ្វេងដៃ ផ្លូវនេះនឹងរត់ស្របគ្នានឹងផ្លូវជាតិលេខ៤នៅផ្នែកខាងឆ្វេងដៃរហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះឆ្លងកាត់ផ្លូវជាតិលេខ៤ មកខាងស្តាំដៃវិញ ហើយបន្តរហូតដល់សមុទ្រនៃទឹកដីក្រុងព្រះសីហនុតែម្តង។
ផ្លូវនេះនឹងសាងសង់ឡើងដោយក្រុមហ៊ុនស្ពានថ្នល់ប្រទេសចិន ដែលបាននាំចូលគ្រឿងចក្រតម្លៃ ១០០លានដុល្លារ មកដល់កម្ពុជារួចហើយ។ ក្រុមហ៊ុននេះក៏ទទួលបន្ទុកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាពេលខាងមុខផងដែរ។
លោក វ៉ា ស៊ីមសូរិយាបានបន្តឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនឹងសាងសង់មានរបងនៅសងខាង ដើម្បីធ្វើយ៉ាងណាមិនឲ្យមានចំណុចឆ្លងកាត់ច្រើន ព្រោះវារំខានដល់ការធ្វើដំណើរ និងមិនអាចបើកបរបានលឿន ព្រោះល្បឿននៃការបើកបរនៅលើផ្លូវនេះ អ្នកបើកបរអាចបើកបរលក្នុងល្បឿន១២០ ទៅ១៦០ក្នុងមួយម៉ោងបាន៕
ប្រភព : www.propertyarea.asia