ភ្នំពេញ៖ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ លើច្បាប់ពន្ធលើអចលនទ្រព្យកាលពីឆ្នាំ ២០១១ ដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់ នៅតាមទីតាំងសំខាន់ៗនៅទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យ ស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមច្បាប់ពន្ធលើអចនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះ មានតម្លៃសរុបលើសពី ១០០លានរៀល (២៥,០០០ដុល្លារ) ឡើងទៅ។
ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០ (មួយរយលាន) រៀល។
តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារ ដោយគណកម្មាការវាយតម្លៃអចលនទ្រព្យដែលបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពាក្យថា «អចលនទ្រព្យ» សំដៅដល់ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹងដីនោះ៕
ប្រភព : www.propertyarea.asia