Register Already an agent ? Login

ចំណេះដឹង!តើអ្វីជាប្រាក់ចំណូលដែលមិនជាប់ពន្ធនិងប្រាក់ចំណូលជាប់ពន្ធ?

ភ្នំពេញ៖​ ច្បាប់ស្តីពីពន្ធដារកម្ពុជា ត្រូវបានបែងចែកប្រាក់ចំណូលជា២យ៉ាង ពោលគឺប្រាក់ចំណូលមិនជាប់ពន្ធ និងប្រាក់ចំណូលជាប់ពន្ធ តើប្រាក់ចំណូលមិនជាប់ពន្ឋជាអ្វី និងជាប់ពន្ឋជាអ្វី?។

ប្រាក់ចំណូលមិនជាប់ពន្ធ

ប្រាក់ចំណូលមិនជាប់ពន្ធសំដៅដល់ ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល។ ប្រាក់ចំណូលរបស់អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសំរាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។

ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវន្តបុគ្គលក៏មិនត្រូវបង់ពន្ធ និងប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធ តាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។

ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។

ប្រាក់ចំណូលជាប់ពន្ធ

ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការ អាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ចំណូល ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។

ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម៕

ប្រភព : www.propertyarea.asia