ភ្នំពេញ៖ អាគារពាណិជ្ជកម្មភ្លោះកប់ពពកតម្លៃ ២៦០លានដុល្លារ Royal One បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី ១៤ កុម្ភៈនេះ ខណៈពេលទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញកំពុងមានភាពរីកចម្រើន។
យោងតាមប្រភពពត៍មានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង នឹងចាប់ផ្តើមបុគ្រឹះសាងសង់នូវគម្រោងអគារពាណិជ្ជកម្ម កម្ពស់៦៨ជាន់តម្លៃ២៦០លានដុល្លារ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានបើកការិយាល័យលក់ កាលពីឆ្នាំ២០១៨កន្លងមកនេះ។
អគារពាណិជ្ជកម្មនេះ មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនាបទយ៉ាងប្រណីត និងបំពាក់ឧបករណ៍ទំនើបៗផងដែរ។ គម្រោងអាគារពាណិជ្ជកម្ម Royal One គឺជាការវិនិយោគ រួមគ្នារវាងក្រុមហ៊ុន OTK Royal One និងក្រុមហ៊ុនសំណង់ចិន Huashi Group។
អគារពាណិជ្ជកម្មដ៏ប្រណិតនេះ នឹងប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដោយមានដូចជា សណ្ឋាគារ ខុនដូ ការិយាល័យ និងផ្សារទំនើបជាដើម ហើយការសាងសង់ត្រូវប្រើរយៈពេលរហូតដល់៣ឆ្នាំ ហើយអាគារពាណិជ្ជកម្មថ្មីនេះ នឹងក្លាយជាអគារកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ហើយក៏នឹងចូលរួមចំណែកដល់ ការលើកមុខមាត់ប្រទេសកម្ពុជានាពេលខាងមុខ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការសាងសង់អាគារពាណិជ្ជកម្មបែបនេះ ទោះជាមានទំហំធំបន្តិច ប៉ុន្តែមិនជាបញ្ហានោះទេ ដោយសារវាជាពេលដែលកម្ពុជា ត្រូវមានអាគារបែបនេះច្រើន ព្រោះកំណើននៃការវិនិយោគពីមួយឆ្នាំទៅមួយឆ្នាំកើនឡើង ទំហំពាណិជ្ជកម្មកម្ពុជាកាន់តែធំ នឹងធ្វើឲ្យគំរោងនេះទទួលបានជោគជ័យ។លោកបន្តថា គំរោងនេះស្ថិតនៅទីតាំងដ៏ល្អមួយ ដែលវានឹងក្លាយជា Landmark មួយសំរាប់រាជធានីភ្នំពេញនាពេលអនាគត។
លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការវិនិយោគគំរោងនេះនឹងជួយធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែមានទំនុកចិត្តថែមទៀត”៕
ប្រភព : www.propertyarea.asia