Register Already an agent ? Login

វិភាគៈប្រសិនជាEBAត្រូវដកពីកម្ពុជា តើសេដ្ឋកិច្ចកម្ពុជានឹងជាប់គាំងឬ?

​ភ្នំពេញ៖​ នៅពេលនិយាយពីប្រទេស ដែលបានទទួលប្រព័ន្ឋអនុគ្រោះពន្ឋលើទំនិញទាំងអស់លើកលែងតែអាវុធ(EBA) និងប្រព័ន្ឋGSPរបស់អាមេរិក គឺសំដៅដល់ប្រទេសក្រីក្រមួយ តែពេលនេះកម្ពុជាបានស្ថិតនៅក្នុងឋានៈខ្ពស់ជាងនេះ ហេតុនេះតើប្រសិនជាប្រព័ន្ឋអនុគ្រោះទាំងពីរនេះ ត្រូវបានដកចេញពីកម្ពុជា​នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងភាពជាប់គាំងឬ?។

​មុនឆ្លើយសំណួរនេះ យើងទៅមើលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តិចសិន គឺបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើសរសរស្តម្ភចំនួន៤ គឺវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែក ជើង វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ និងវិស័យកសិកម្ម ហើយនៅចុងឆ្នាំនេះឬដើមឆ្នាំ២០២០ខាងមុខ កម្ពុជានឹងទទួលបានធនធានប្រេងកាត ដែលផ្តល់នូវចំណូលច្រើនសម្រាប់កសាងនិងអភិវឌ្ឍន៍ជាតិ។

​ទោះជាយ៉ាងណាវិស័យវាយណភ័ណ្ឌកាត់ដេរ ស្បែកជើង និងសម្ភារៈសំរាប់ការធ្វើដំណើរបាន​តំណាងឲ្យការនាំចេញប្រមាណ៨០ភាគរយពីកម្ពុជា។

តើសេដ្ឋកិច្ចកម្ពុជានឹងរងគ្រោះបែបណា?

​ជាការពិតវាមិនគួរជារឿងគួរឲ្យភ័យខ្លាចពេកនោះទេ ព្រោះការព្យួរប្រព័ន្ឋអនុគ្រោះ​ពន្ឋឬអត់ពីកម្ពុជា គឺត្រូវរង់ចាំរយៈពេល១៨ខែទៀត មិនមែនចាប់ផ្តើមនៅឆ្នាំនេះនោះទេ ហើយក៏មិនប្រាកដថា តើប្រព័ន្ឋអនុគ្រោះពន្ឋពិតជាដកនោះទេ វាអាស្រ័យលើភាព​ឆ្លាតវៃរបស់មន្រ្តីរដ្ឋាភិបាល ក្នុងការពន្យល់ដល់សហភាពអឺរ៉ុបពីវឌ្ឍនភាពរបស់ខ្លួន និងការបើក​ចិត្តរបស់មេដឹកនាំអឺរ៉ុប ព្រមទទួលស្គាល់ពីវឌ្ឍនភាពកម្ពុជាឬយ៉ាងណា។

ស្ថិតក្នុងដំណាក់កាលបែបនេះ វាជាការធ្វើតេស្តសមត្ថភាពមន្រ្តីរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការឆ្លើយតប និងរកទល្ហីករណ៍ណាមួយ ក្នុងការបង្ហាញអឺរ៉ុបថា ការរំលាយបក្សសង្រ្គោះជាតិ មិនមែនធ្វើឲ្យលទ្ឋិប្រជាធិបតេយ្យដើរថយក្រោយនោះទេ ហើយកម្ពុជាកំពុងគោរព​សិទ្ឋ​មនុស្ស តាមរយៈគោលនយោបាយជាច្រើន ដែលបានដាក់ចេញដោយរដ្ឋាភិបាលដូចជា ទី១ រដ្ឋាភិបាលបានរៀបចំប្រព័ន្ឋធានារ៉ាប់រងសន្តិសុខសង្គម ការផ្តល់ប្រាក់ដល់ស្រ្តីសម្រាលកូន ទី២ ការអភិវ​ឌ្ឍសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំនើនជាមធ្យម៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ហើយបានធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង និងប្រែក្លាយកម្ពុជាពីប្រទេសមានប្រាក់ចំណូលទាប មកកាន់ប្រទេសមានប្រាក់ចំណូល​មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ជាដើម។

ផលប៉ះពាល់

​អ្នកវិនិយោគ និងអ្នកពាក់ព័ន្ឋនៅក្នុងវិស័យនេះ សុទ្ឋតែនិយាយពីផលប៉ះពាល់ដល់​សេដ្ឋកិច្ចកម្ពុជា ប្រសិនជាប្រព័ន្ឋអនុគ្រោះពន្ឋនឹងត្រូវដកនារយៈពេល១៨ខែខាងមុខ។

សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រសិនជាប្រព័ន្ឋអនុគ្រោះពន្ឋត្រូវបានដក ពិតណាស់វានឹងរងផលប៉ះពាល់ដល់សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែវាក៏ជាពេលដែលធ្វើឲ្យយើងភ្ញាក់ខ្លួន ហើយត្រូវខិតខំពង្រឹងខ្លួនឯង ធ្វើការកែទម្រង់ និងធ្វើពិពិធកម្ម​សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីកុំឲ្យយើងពឹងផ្អែកគេខ្លាំងពេក។

​លោកបន្តថា “ការធ្វើកំណែទម្រង់ធ្វើឲ្យយើងឈឺចាប់ តែយើងត្រូវតែធ្វើ ហើយក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងគិតគូពីបញ្ហានេះ”។លោកបន្តថា “អ្វីត្រូវធ្វើ គឺយើងត្រូវគិតរយៈពេលវែងចំពោះមុខ ព្រោះការលុបចោលស្ថាប័នមួយចំនួន ជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ”។

​រោងចក្រ សហគ្រាសផលិតសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរបាន​និងកំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៨០ម៉ឺននាក់ ដែលកំពុងទទួលបានផល​ប្រយោជន៍ដោយផ្ទាល់ និងអ្នកទទួលបានផលប្រយោជន៍ដោយប្រយោលជាច្រើនលាននាក់ទៀត រាប់ទាំងអ្នកលក់ចំណីអាហារ សេវាកម្មពាក់ព័ន្ឋ និងអ្នកមានផ្ទះជួលផងដែរ។

ប៉ុន្តែសំណួរនៅទីនេះគឺថា តើរោងចក្រ សហគ្រាសនានានឹងចាកចេញពីកម្ពុជាឬទេ? ប្រសិនជាប្រព័ន្ឋអនុគ្រោះពន្ឋត្រូវដកចេញពីកម្ពុជា ចម្លើយស្ថិតនៅលើមូលដ្ឋានទាំងនេះ ទី១ រោងចក្រសហគ្រាសទាំងអស់ នឹងទទួលបានការលើកទឹកចិត្តបន្ថែមពីរដ្ឋាភិបាល តាមរយៈការលើកលែងពន្ឋលើប្រាក់ចំណេញ ការមិនយកថ្លៃទឹក ភ្លើងជាដើម(មិនទាន់ប្រាកដ) ទី២ តម្លៃកំលាំងពលកម្មនៅកម្ពុជា ធៀបជាមួយប្រទេសវៀតណាម ថៃ កម្ពុជានៅមានតម្លៃទាបជាងគេ ប៉ុន្តែបើរើទៅកាន់ប្រទេសឡាវ គឺឡាវមិនមានកំលាំងពលកម្មគ្រប់គ្រាន់ទេ ទី៣ បើរើទៅកាន់ប្រទេសភូមា ក៏មិនអាចដែរ ដោយសារឡាវប្រឈមនឹងការដកប្រព័ន្ឋអនុគ្រោះពន្ឋដូចកម្ពុជា ទី៤ បើទៅកាន់ប្រទេសបង់ក្លាដេស ក៏មិនអាចដែរ ព្រោះរោងចក្រ សហគ្រាសនៅទីនោះមានច្រើនពេករួចទៅហើយ។

ទី៥ រដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តអ្នកវិនិយោគជាតិ និងអន្តរជាតិតាមរយៈការលុបចោលប្រព័ន្ឋត្រួតពិនិត្យការនាំចេញ ចូលទំនិញ លុបចោលស្ថាប័នកាំសាប និងកែទម្រង់ស្ថាប័នកាំកុងត្រូលផងដែរ និងទី៥ រដ្ឋាភិបាលនឹងរកវិធីប៉ះប៉ូវ ដើម្បីធ្វើយ៉ាង​ណាឲ្យអ្នកវិនិយោគ នៅបន្តវិនិយោគនៅកម្ពុជា ព្រោះប្រមុខរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត្តឲ្យសេដ្ឋកិច្ចកម្ពុជាដួលរំលំនោះទេ ព្រោះបើសេដ្ឋកិច្ចដួលរលំ នឹងមានកលយុគកើតឡើង ហើយសន្តិភាព ស្ថេរភាពនយោបាយនឹងមិនអាចរក្សាបានឡើយ។

ពេលវេលាសំរាប់ការរួបរួម

​ក្នុងកំឡុងពេលប្រទេសថៃជួបវិបត្តិ រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានអញ្ជើញអតីតមេដឹកនាំបក្សប្រឆាំងលោកអាភីស៊ីត វេចាជីវាមកពិគ្រោះយោបល់ ទោះជាមេដឹកនាំទាំងពីរធ្លាប់មានអរិភាពជាមួយគ្នាក្តី ប៉ុន្តែដើម្បីរួមគ្នាជួយសង្រ្គោះសេដ្ឋកិច្ច និងប្រទេសរបស់ពួកគេ លោកស្រីយីងឡាក់បានបន្ទន់ឥរិយាបទ ដើម្បីប្រជាជាតិរបស់ខ្លួន។

ផ្ទុយទៅវិញ មេដឹកនាំបក្សប្រឆាំងកម្ពុជា លោកសម រង្ស៊ី បានអំពាវនាវឲ្យអឺរ៉ុបដកប្រព័ន្ឋអនុគ្រោះ​ពន្ឋពីកម្ពុជា ហើយនៅពេលអឺរ៉ុបដកប្រព័ន្ឋអនុគ្រោះពន្ឋពីអង្កររបស់កម្ពុជា លោកស្រែកជ័យឃោសអបអរសាទរ និងចាត់ទុកវាជាស្នាដៃរបស់លោក។

ល្បែងនយោបាយ ដើម្បីដណ្តើមអំណាចផ្ទាល់ខ្លួន ដោយសម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់បែបនេះ មិនគួរមានក្នុងសន្តានរបស់លោក ឬអ្នកនយោបាយខ្មែរឡើយ។ លោកធ្វើបែបនេះជាការត្រឹមត្រូវសំរាប់ខ្លួនឯង និងក្រុមរបស់លោកមួយចំនួន ប៉ុន្តែមិនសមស្រប និងមិនឆ្លើយតបសតិសប្បជ្ជញ្ញៈរបស់ជាតិសាសន៍មួយនោះទេ។

នុងភាពជាមនុស្ស យើងអាចមានការគិតខុសគ្នា ទទួលមនោគមវិជ្ជាខុសគ្នា តែមនុស្សមានវិចារណញ្ញាណ ដែលអាចបែងចែករវាងខុសនិងត្រូវ ហេតុនេះការវិភាគប្រកប​ដោយសុភវិនិច្ឆ័យ និងឈរលើមូលដ្ឋានផលប្រយោជន៍ជាតិជាធំ គួរតែក្រុមមេដឹកនាំបក្ស​ប្រឆាំងផ្លាស់ប្តូរទិសដៅនយោបាយរបស់ខ្លួន ដើម្បីឲ្យជាតិរស់។​

ដើម្បីទទួលបានប្រជាប្រិយភាព លោកសម រង្ស៊ីខ្លួនឯងអាចបញ្ចុះបញ្ចូលសហគ​ម​ន៍អឺរ៉ុប ដើម្បីកុំឲ្យពួកគេដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា គឺជាដំណោះស្រាយល្អមួយ ហើ​យលោកសម រង្ស៊ីនឹងកាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ខណៈប្រមុខរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា “កម្ពុជាមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយនោះទេ”។

​សេដ្ឋកិច្ចកម្ពុជាប្រឈមការលំបាកតែមិនដួលរលំ

​ពិតហើយរឿងដែលមិនអាចប្រកែកបាន គឺកំណើនសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ក្នុងរយៈពេលខ្លីមួយ បើយើងនិយាយថាមិនមានផលប៉ះពាល់ វាជាការកុហកខ្លួនឯង ប៉ុន្តែមិនដួលរលំនោះទេ ដោយសារវិស័យសំខាន់ៗចំនួន៣ នៅតែមានភាពរ៉ឹងមាំនៅឡើយ ទោះជាក្នុងចំណោមវិស័យនៅសល់ចំ​នួន៣ វិស័យចំនួនពីរនឹងរងផលប៉ះពាល់ក្តី ប៉ុន្តែតាមរយៈកំណែទម្រង់របស់រដ្ឋាភិបាល តាមរយៈការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈកំនើននិងគោលនយោបាយលើកទឹកចិត្ត ឲ្យអ្នកវិនិយោគក្នុងស្រុកបង្កើ​ន​ការវិនិយោគកាន់តែច្រើន និងលំហូរជំនួយផ្ទាល់ពីប្រទេសចិន ភាពជាដៃគូគ្រប់ជ្រុង​ជ្រោយជាមួយចិន និងបណ្តាប្រទេសជាមិត្តដទៃទៀត សេដ្ឋកិច្ចកម្ពុជាអាចធ្វើពិពិធកម្មទីផ្សារ និងមិនប្រឈមមុខនឹងការជាប់គាំងឬដួលរលំនោះទេ។

​ហេតុនេះអារម្មណ៍ភ័យខ្លាចមិនគួរកើតមានខ្លាំងពេកនោះទេ ព្រោះសេដ្ឋកិច្ចកម្ពុជាកាន់តែ​បានធ្វើពិពិធកម្ម ហើយរដ្ឋាភិបាលបាន និងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងបាន​និងកំពុងធ្វើឲ្យប្រាកដថា “កម្ពុជាអាចឈានចេញពីប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ”៕

ប្រភព : www.propertyarea.asia