ភ្នំពេញ៖ តម្លៃដីធ្លីនៅក្រុងបាវិត នឹងកើនឡើងខ្ពស់នាពេលអនាគត ខណៈបច្ចុប្បន្នតម្លៃដីបានកើនឡើងមួយកម្រិតរួចទៅហើយ ដោយសារការសាងសង់ទីក្រុងរណបចំនួនពីរ និងកំណើនវិស័យឧស្សាហកម្ម។
បច្ចុប្បន្នក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង និងមានកម្មករ និយោជិកបំពេញការងារប្រមាណ ៤០,០០០នាក់ ហើយកាលពីដើមឆ្នាំនេះក្រុមហ៊ុន Empire World បានប្រកាសសាងសង់ ទីក្រុងរណបដំណាក់កាលទី១ទំហំ៥២ហិកតា និងទីក្រុងរណបហេង ហេងបានវិនិយោគលើផ្ទៃដី៧ហិកតា។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មី ៗនេះថា ស្ថានភាពទីក្រុងបាវិតបច្ចុប្បន្ន មានសភាពដូចគ្នានឹងក្រុងព្រះសីហនុកាលពី៣ឆ្នាំមុន ដែលពេលនោះតម្លៃដីធ្លីនៅក្រុងព្រះសីហនុ មិនមានតម្លៃខ្ពស់នោះទេ ប៉ុន្តែបច្ចុប្បន្នតម្លៃដីនៅក្រុងព្រះសីហនុបានកើនឡើងស្ទើរមិនគួរឲ្យជឿ។
លោកបន្តថា “ខ្ញុំគិតថាតម្លៃដីនៅក្រុងបាវិតនឹងមានសភាពដូចគ្នា នារយៈពេល៣ទៅ៥ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នតម្លៃដីនៅទីក្រុងនេះ បានកើនឡើងមួយកម្រិតរួចទៅហើយតែស្ថិតក្នុងតម្លៃមួយអាចវិនិយោគបាននៅឡើយ”។ លោកបន្តថា “តម្លៃដីចេញពីផ្លូវជាតិកាលពីឆ្នាំមុនមានចន្លោះពី៤ទៅ៧ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងចន្លោះពី២៥ទៅ៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
រដ្ឋាភិបាលបានដាក់បញ្ចូលក្រុងបាវិត ជាតំបន់ឧស្សាហកម្មពិសេសមួយ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលការដាក់បញ្ចូលនេះ ជាមូលដ្ឋានដ៏សំខាន់សំរាប់ការវិនិយោគ ព្រោះរដ្ឋាភិបាលនឹងមានផែនទីចង្អុលទិសអភិវឌ្ឍន៍ប្រកបដោយរបៀបរៀបរយ និងកសាងហេដ្ឋារចនាសម្ព័ន្ឋនានាដើម្បីជំរុញការវិនិយោគពីវិស័យឯកជន។
ជាលទ្ឋផលក្រុងបាវិតបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងកាស៊ីណូព្រោងព្រាត ដែលបាននិងកំពុងសាងសង់បន្តកាន់តែច្រើន ដោយសារកំណើននៃការវិនិយោគរបស់ចិន។
ថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់របស់ប្រទេសចិន ក្នុងកំឡុងជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនាពេលខាងមុខផងដែរ។
លោក Eric Loo អគ្គនាយកក្រុមហ៊ុន Empire World បានមានប្រសាសន៍ថា ក្រុងបាវិតមានលក្ខខ័ណ្ឌពិសេសមួយទាក់ទងនឹងទីតាំងភូមិសាស្រ្ត ដោយសារវាស្ថិតនៅចន្លោះកណ្តាលរវាងក្រុងហូ ជីម៉ិញ និងក្រុងភ្នំពេញ និងមានចម្ងាយជិតសំរាប់ដឹកជញ្ជូនទំនិញចេញពីទីក្រុងបាវិត ទៅកាន់កំពង់ផែទឹកជ្រៅនៃប្រទេសវៀតណាម។លោកបន្តថា លោកបានសិក្សាយ៉ាងលំអិត និងស៊ីជម្រៅ ទើបសម្រេចចិត្តជ្រើសរើសទីក្រុងនេះជាតំបន់សំរាប់វិនិយោគ។
លោកបន្តថា “នាពេលអនាគតឆាប់ៗនេះ ទីក្រុងនេះនឹងមានមនុស្សរស់នៅកាន់តែច្រើន និងមានការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ”៕
ប្រភព : www.propertyarea.asia