ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុក និងអ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែបន្តមានភាពវិជ្ជមាន បើទោះបីមានគម្រោងមួយចំនួន ត្រូវបានពន្យាពេលសាងសង់ក៏ដោយ។
អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ កុម្ភៈកន្លងមកថា គំរោងមួយចំនួនបានពន្យាពេល ដោយសារតែអ្នកវិនិយោគគ្មានជំនាញពិតប្រកដ បញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងការដាក់លក់ចូលទៅក្នុងទីផ្សារមិនសូវបានល្អ ឬក៏មកពីបញ្ហាការបញ្ជាទិញសម្ភារៈសំណង់មកធ្វើការសាងសង់ស្ថិតនៅក្នុងស្ថានភាពយឺតយ៉ាវ តែយ៉ាងណាស្ថានភាពវិស័យនៅក្នុងប្រទេសកម្ពុជានៅតែ ល្អប្រសើរដដែល។
ទោះជាយ៉ាងណា អ្នកនាងបានទទួលស្គាល់ថា “ការពន្យាពេលនៃការសាង់ចំពោះគម្រោងមួយចំនួននោះ ក៏មានបញ្ហាខ្លះដែរចំពោះទីផ្សារ តែបើពន្យាពេលចំពោះវិស័យសំណង់វិញ គឺមិនមានអ្វីជាបញ្ហានោះទេ”។
លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញចលទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរទៅមុខធម្មតា ពុំមានអ្វីប្រែប្រួលនោះទេ តែវាជារឿងធម្មតានៅពេលដែលយើងរកស៊ីតែមានការបិទខ្លះដែរ អាស្រ័យទៅលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងម្ចាស់គម្រោង។
លោកបន្តថា “នៅពេលមានគម្រោងសាងសង់មកច្រើន មានការប្រកួតប្រជែងហើយ ហេតុនេះនៅពេលមានការប្រកួតប្រជែងក្រុមហ៊ុន ដែលមានធនធានច្រើន មានបទពិសោធន៍ និងការគ្រប់គ្រងច្បាស់លាស់ និងទទួលបានបានជោគជ័យ”។លោកបន្តថា “ផ្ទុយទៅវិញនៅពេលដែលក្រុមហ៊ុនមានធនធានខ្សោយ គ្មានបទពិសោធន៍ច្បាស់លាស់ គាត់នឹងបរាជ័យជារឿងធម្មតា”។
តែយ៉ាងណាក៏ដោយលោកពុទ្ឋីថា កុំមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ សំខាន់យើងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោក ឧកញ៉ាសៀ ឬទ្ធីជាស្ថានិកនិងជាប្រធានប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Groupក៏បានឲ្យដឹងដែរថា វិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩នេះ ពុំមានបញ្ហាអ្វីនោះទេ ដោយសារនៅសល់កំអែលនៃការវិនិយោគកាលពីឆ្នាំ២០១៨ កន្លងមកនេះ បន្តមកដល់ឆ្នាំ២០១៩។
លោកបន្តថា “សម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំនៃការផលិត និងអភិវឌ្ឍន៍ ហើយការលក់ដូរផ្សេងៗ ក្នុងវិស័យនេះនៅតែមានចរន្តល្អ និងដំណើការដដែល តែបើនិយាយពីកំណើនវិនិយោគវិញ ខ្ញុំគិតថាមានប្រហាក់ប្រហែលទៅហ្នឹងឆ្នាំ២០១៨ កន្លងមកនេះ”៕
ប្រភព : www.propertyarea.asia