ភ្នំពេញ៖ មហាយក្សចិនជាប្រទេសដែលមានសេដ្ចកិច្ច លូតលាស់ខ្លាំងក្នុងតំបន់អាស៊ី និងបានគ្រោងដំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ បន្ទាប់សហរដ្ឋអាមេរិក។ ប្រទេសនេះក៏បានចំណាយលុយរាប់ពាន់លានដុល្លារ សម្រាប់សាងសង់អគារខ្ពស់ៗកប់ពពកជាច្រើនផងដែរ នៅតាមបណ្តាក្រុងសំខាន់ៗនានារបស់ខ្លួន។
ថ្ងៃនេះគេហទំព័រ www.propertyarea.asia បន្តចុះផ្សាយអគារមួយទៀត គឺអគារ Shanghai World Financial Center មួយទៀតរបស់មហាយក្សចិន។
អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសៀងហៃ ឬShanghai World Financial Cencer (SWFC) ជាអគារខ្ពស់កប់ពពកអស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់Pudong នៃទីក្រុងសៀងហៃរបស់ប្រទេសចិន។ អគារនេះ ត្រូវបានរចនាប្លង់ដោយលោក Kohn Pedersen Fox និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Mori Building Company ដោយហការជាមួយវិស្វករក្រុមហ៊ុន Leslie E. Robertson Associates, China State Construction Engineering Corp និង ក្រុហ៊ុន Shanghai Construction Group ជាអ្នកចុះកិច្ចសន្យាសាងសង់ដ៏សំខាន់។
អគារខ្ពស់កប់ពពកនេះ ត្រូវបានគេប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានការប្រើប្រាស់ចម្រុះ ដូចជា បន្ទប់ការិយាល័យ សណ្ឋាគារ សាលសន្និសីទ កន្លែងកំសាន្ត និងនៅជាន់ផ្ទាល់ដីគឹជាផ្សារទំនើប។
នៅក្នុងអគារនេះ មានសណ្ឋាគារមួយឈ្មោះ Park Hyatt Shanghai ដែលមានបន្ទប់ចំនួន១៧៤ ស្ថិតនៅជាន់ទី៧៩ ដល់ជាន់ទី៩៣។ វាត្រូវបានគេចាត់ទុកថា ជាសណ្ឋាគារដែលខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែនៅពេលនេះវាជាសណ្ឋាគារខ្ពស់លំដាប់ទី៣ ក្នុងពិភពលោក បន្ទាប់ពីសណ្ឋាគារRitz-Carlton ក្នុងទីក្រុងហុងកុង ដែលស្ថិតក្នុងកម្រិតកជាន់ទី១០២ ទៅ១០៨ ស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Center)។
Shanghai World Financial Center បានចំណាយទុនសាងសង់ចំនួន១,២០ពាន់លានដុល្លារ ហើយបានសាងសង់បញ្ចប់នៅខែកញ្ញា ឆ្នាំ២០០៧ ដែលមានកម្ពស់ប្រមាណ៤៩២ម៉ែត្រ ដែលបានធ្វើឲ្យស្ថាបត្យកម្មកំពូលនេះជាប់លំដាប់អាគារខ្ពស់លំដាប់ទី៩ក្នុងពិភពលោក និងខ្ពស់លំដាប់ទី៤ ក្នុងប្រទេសចិន។
អគារអស្ចារ្យនេះ ត្រូវបានអោយដំណើរការជាសាធារណៈ នៅខែសីហា ឆ្នាំ ២០០៨។
មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់សរុប១០១ជាន់នេះ ត្រូវបានគេកោតសសើរយ៉ាងខ្លាំងចំពោះស្ថាបត្យករ ដែលបានគូប្លង់ និងចាត់ទុកថា ជាអគារខ្ពស់កប់ពពកល្អបំផុតប្រចាំឆ្នាំ២០០៨ បន្ទាប់សាងសង់រួច។
ក្នុងឆ្នាំ២០១៣ អគារនេះត្រូវបានគេប្តូរឈ្មោះ ទៅជាShanghai Tower វាជាសថាបត្យសំណង់ខ្ពស់បំផុត ក្នុងប្រទេសចិនប្រចាំឆ្នាំ២០១៧កន្លងទៅនេះ៕
ប្រភព : www.propertyarea.asia